ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
ក្រសួងសាធារណការ និងដឹកជញ្ជូន បានរំលឹកជាថ្មីដល់ម្ចាស់រោងចក្រស៊ីម៉ង់ត៍ ការដ្ឋានផលិតថ្ម ដេប៉ូខ្សាច់ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ថា ក្រសួងនឹងបន្តអនុវត្តតាមច្បាប់យ៉ាងតឹងបំផុត ដោយគ្មានការលើកលែងឡើយ។ ការព្រមាននេះ ខណៈរថយន្តដឹកលើសទម្ងន់ចំនួនជាង ១៤០គ្រឿងហើយ ត្រូវបានឃាត់រក្សាទុករយៈពេល ១ឆ្នាំ។
របាយការណ៍ ដែលមន្ត្រីជំនាញផ្នែកជញ្ជីងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់ឲ្យភីអិនអិន នៅថ្ងៃទី១៣ ខែកក្កដាបានឲ្យដឹងថា គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់បានអនុវត្តច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១នេះ បានផាកពិន័យ និងឃាត់រក្សាទុករថយន្តរយៈពេលមួយឆ្នាំចំនួន ១៤៣គ្រឿង ដែលជារថយន្តដឹកជញ្ជូនលើសទម្ងន់ លើសពី២០% នៃទម្ងន់អនុញ្ញាត។
រថយន្តដឹកលើសទម្ងន់ទាំងនោះ ត្រូវបានឃាត់ទុកដោយក្រុមការងារក្រសួងចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តលើសទម្ងន់ដែលចុះតាមបណ្តាខេត្តនានា និងគោលដៅដើមទីនៅខេត្តបាត់ដំបង និងស្ថានីយជញ្ជីងអចល័តទូទាំងប្រទេស។
ជាមួយគ្នានេះ គណៈកម្មាធិការជំនាញបានព្រមានដល់ម្ចាស់រោងចក្រស៊ីម៉ង ការដ្ឋានផលិតថ្ម ដេប៉ូខ្សាច់ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ថា ក្រសួងនឹងបន្តអនុវត្តតាមច្បាប់យ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ។
គួរជម្រាបថា ក្នុងពេលចុះពិនិត្យវឌ្ឍនភាពផ្លូវជាតិលេខ៣ កាលពីពេលកន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ក្រសួងនឹងចាត់វិធានការតាមនីតិវិធីដោយគ្មានយោគយល់ខ្សែនរណាឡើយ ហើយសកម្មភាពនៃការចុះប្រតិបត្តិការនេះនឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឲ្យស្របតាមច្បាប់ ការពារមិនឲ្យមានជនខិលខូចដឹកលើសទម្ងន់ឡើយ។ ក្រសួងនៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយមិនយោគយល់ចំពោះឡានអ្នកក្រ ឡានអ្នកមាន អ្នកមានខ្នង ឬឡានអ្នកអត់ខ្នងអ្វីឡើយ ព្រោះរថយន្តដឹកលើសទម្ងន់ទាំងនោះធ្វើឱ្យខូចផ្លូវដូចគ្នា។
រដ្ឋមន្រ្តីសាធារណការក៏បានទទូចថា សូមកុំប្រថុយប្រថានដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យផ្លូវឆាប់ខូចមុនអាយុកាលកំណត់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ទៀតផង៕
អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ