ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
ខណៈមានពិធីការិនី តារាចម្រៀង និងអ្នកដឹកនាំសម្ដែងមួយចំនួនបានឆ្លងកូវីដ១៩ កាលពីពេលថ្មីៗ បានធ្វើឱ្យក្រុមសិល្បករ សិល្បការិនីខ្មែរជាច្រើនមានការរំជើបរំជួលជាខ្លាំងពីបញ្ហានេះ។
ក្នុងពិភពសិល្បៈកម្ពុជាកំពុងរង្គោះរង្គឺជាខ្លាំង បន្ទាប់ពីមានពត៌មានច្បាស់ការថា តារាចម្រៀងល្បីឈ្មោះលោក ណុប បាយ៉ារិទ្ធ និងក្រុមគ្រួសារពិធីការនី កែវ ចាន់និមល រួមមានប្តី និងកូនស្រីអាយុ១០ឆ្នាំម្នាក់ បានឆ្លងកូវីដ១៩។ ពិធីការនីរូបនេះបានឆ្លងកូវីដ១៩ពីលោក អ៊ិន ទីតូ ព្រោះអំឡុងថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ ពិធីការនីរូបនេះបានទៅជួយថតវីដេអូដើម្បីចូលរួមផ្សព្វផ្សាយអំពីការការពារកូវីដ១៩ រហូតដល់ពេលនេះទើបលេចឮដំណឹងថា លោក ទីតូ វិជ្ជមានកូវីដ១៩។ ព័ត៌មានខាងលើក៏បានបញ្ជាក់ឲ្យដឹងដែរថា លោក ទីតូ ធ្លាប់ជួបជុំជាមួយមន្ត្រីប៉ូលីសចរាចរណ៍ម្នាក់ដែលកើតជំងឺនេះផងដែរ។
ធំជាងនេះទៅទៀត ក្រៅពីពិធីការនី កែវ ចាន់និមល និងលោក ណុប បញ្ញារិទ្ធ ក៏មានបុគ្គលល្បីៗក្នុងសង្គមសិល្បៈកម្ពុជាច្រើននាក់ផ្សេងទៀតកំពុងត្រូវដាក់ការសង្ស័យថាអាចឆ្លងកូវីដ១៩ដូចគ្នា រួមមានអ្នកនាង ឱក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ នីសា ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
គ្រាន់តែទទួលបានដំណឹងភ្លាម លោក ណុប បញ្ញារិទ្ធ បានបង្ហោះជាសាធារណលើគណនីរបស់លោកថា៖ «មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចហ់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ»។
រីឯអ្នកនាង កែវ ចាន់និមល ដែលបានផ្ទុកជំងឺកូវីដ១៩ នេះដែរបានបញ្ចេញមតិរបស់ខ្លួនថា៖"អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការព្រួយបារម្ភនិងសួរសុខទុក្ខស្ថានភាពគ្រួសារខ្ញុំពេលនេះមិនមានជាបញ្ហាចោទធំទេគ្រប់យ៉ាងគឺត្រូវបានមើលថែរពីក្រុមគ្រូពេទ្យជំនាញ។ យ៉ាងណាក៏ស្នើរសុំបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់ ហើយក៏សូមអធ្យាស្រ័យដល់មិត្តភក្កិ ក្រុមការងារទាំងអស់ផងដែរ”។
យ៉ាងណាក៏ដោយទាក់ទងក្ដីបារម្ភពីបងប្អូនមិត្តសិល្បៈ និងអ្នកគាំទ្រ អ្នកនាង ឱក សុគន្ធកញ្ញា បានឆ្លើយតបលើបណ្ដាញសង្គម Facebook ផ្លូវការរបស់ខ្លួនថា" នាងខ្ញុំ ឱក សុគន្ធកញ្ញា អគុណខ្លាំងណាស់សម្រាប់ការយកចិត្តទុកដាក់ព្រួយបារម្ភសួរសុខទុក្ខពីនាងខ្ញុំ ។
នាងខ្ញុំសូមជម្រាបជូនថារហូតមកដល់ពេលនេះនាងខ្ញុំមិនទាន់មានអាការៈក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ ! ប៉ុន្តែនាងខ្ញុំក៏កំពុងបន្តតាមដានសុខភាពខ្លួនឯងជាប្រចាំដូចគ្នា ! ជាថ្មីម្ដងទៀត នាងខ្ញុំសូមអរគុណសម្រាប់ការស្រលាញ់ និងការព្រួយបារម្ភរបស់បងប្អូនទាំងអស់គ្នាដែលបានផ្ញើរសារមកសួរសុខទុកជាច្រើនដោយនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា ក្រឡេកទៅមើលទំព័រហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងស្រី សុគន្ធ នីសា វិញ ព្រឹកមិញនេះ បានបង្ហោះសារជាសំណេរមួយយ៉ាងវែង រៀបរាប់ឲ្យមហាជនដឹងពីស្ថានភាពច្ចប្បន្នដែលខ្លួនកំពុងមាន។
ព្រឹកមិញទៀតសោធន៍ គេឃើញទំព័រហ្វេសប៊ុករបស់សិល្បករ សិល្បការនីខ្មែរជាច្រើន បានបង្ហោះសារលើកទឹកចិត្តដល់ក្រុមគ្រួសារពិធីការនី កែវ ចាន់និមល ផងដែរ។ ចំណែកអ្នកសិល្បៈផ្សេងទៀត ក៏បានបង្ហាញមតិយោបល់ការលើកឡើងផ្សេងគ្នាទៀត ជុំវិញការឆ្លងកូវីដ១៩លើកអ្នកសិល្បៈនៅពេលនេះ។
ក្រៅពីនេះ ក៏មានមហាជនអ្នកគាំទ្រជាច្រើនទៀតដែលប្រើប្រាស់សង្គមហ្វេសប៊ុក បង្ហាញក្តីព្រួយបារម្មណ៍ចំពោះអ្នកសិល្បៈដែលខ្លួនគាំទ្រ ហើយក៏មានអ្នកផ្សេងទៀតបង្ហាញក្តីព្រួយបារម្មណ៍ថាអាចមានអ្នកសិល្បៈផ្សេងទៀតដែរ ដែលអាចមានភាគរយឆ្លងកូវីដ១៩នេះបន្តពីក្រុមគ្រួសារពិធីការនី កែវ ចាន់និមល និងលោក ណុប បញ្ញារិទ្ធ មិនត្រឹមតែអ្នកដែលបានរៀបរាប់ឈ្មោះខាងលើ។ នេះចាត់ទុកជារឿងក៏ក្តៅគគុកមួយចំពោះសង្គមសិល្បៈកម្ពុជា ដែលមានបុគ្គលអ្នកសិល្បៈបានឆ្លងកូវីដ១៩៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងហ្វេសប៊ុក