ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥

បេក្ខភាព MUC 2025 វិវត្តន៍សមត្ថភាពរហ័សពេកធ្វើឱ្យ ប្រាសាទ ដាវីន និងអ្នកគ្រប់គ្រងថ្នាក់ជាតិ នាំគ្នាស្រឡាំងកាំង

២៣ មិថុនា ២០២៥ | កម្សាន្ដ

 

 

ក្រោយឆ្លងកាត់ការហ្វឹកហាត់ប៉ុន្មានសប្តាហ៍រួចមក ម្ចាស់មកុដ MUC 2024 ប្រសាទ ដាវីន  និងអ្នកគ្រប់គ្រងថ្នាក់ជាតិ លោក ឈួង យីវឆួយ នាំគ្នាស្រឡាំងកាំង ស្ទើរតែមិនជឿពីការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បេក្ខភាព Miss Universe Cambodia 2025 ។

 

 

សមរភូមិការប្រកួតសម្រស់ដ៏ចំណាស់នៅលើពិភពលោក Miss Universe Cambodia 2025 កាន់តែឡើងកំដៅក្តៅឡើងរាល់ថ្ងៃ ខណៈដែលបេក្ខភាពផ្លូវការទាំងអស់កំពុងប្រឹងប្រែងបញ្ចេញសមត្ថភាព ទេពកោសល្យ ភាពឆ្លាតវ័យ និងគំនិតច្នៃប្រតិដ្ឋរបស់ពួកគេ ដើម្បីប្រកួតដណ្តើមពិន្ទុពីគណៈកម្មការជំនាញ។ 

 

 

តួយ៉ាង ក្រោយឆ្លងកាត់ហ្វឹកហាត់ និងការរៀនសូត្រចំណេះដឹងជាច្រើនផ្នែករួចមក បេក្ខភាពម្នាក់ៗរឹតតែមានភាពជឿជាក់ខ្លាំងឡើង បើនិយាយពីការរៀបចំខ្លួនវិញនោះ គឺខ្ញង់ខ្លាំងតែម្តង រហូតសូម្បីតែ លោក ឈួង យីវឆូយ អ្នកគ្រប់គ្រងថ្នាក់ជាតិ MUC 2025 និង អ្នកនាង ប្រាសាទ ដាវីន Miss Universe Cambodia 2024 ក៏ស្រឡាំងកាំងពេលឃើញការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បេក្ខភាពទាំងអស់។

 

 

 

ផ្តល់បទសម្ផាសន៍ក្នុងថ្ងៃចុះ MOU ជាមួយ Unilever Cambodia  ៤ប្រភេទ កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ អ្នកគ្រប់គ្រងថ្នាក់ជាតិ MUC 2025 បានឱ្យដឹងថា ឆ្នាំនេះយើងបានសម្រិតសម្រាំងទម្រង់នៃការប្រកួតមួយចំនួន ដែលមានភាពខុសប្លែកពីឆ្នាំរាល់ដង និងមានភាពថ្មីប្លែកសម្រាប់វិស័យប្រកួតសម្រស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកបានពួតដៃគ្នាជាមួយម្ចាស់មកុដ ប្រាសាទ ដាវីន ក្នុងការដុះខាតសមត្ថភាពរបស់បេក្ខភាពឱ្យអស់ពីលទ្ធភាព ទាំងចំណេះដឹង សម្រស់ និងការប្រតិបត្តិខ្លួនផ្សេងៗ និងបានបញ្ចូលនូវវិញ្ញាសារថ្មីៗពុំធ្លាប់មានពីមុនមកទៀតផង។

 

 

 

ក្នុងនោះផងដែរ លោក ឈួង យីវឆូយ ក៏បានឆ្លើយតបទៅកាន់បារម្ភរបស់អ្នកគាំទ្រជុំវិញបញ្ហាដែលកំពុងកើតឡើង ខណៈឆ្នាំនេះថៃជាម្ចាស់ផ្ទះរៀបចំការប្រកួតអន្តរជាតិ ហើយស្ថាប័នរបស់លោកក៏កំពុងប្រកួតចម្រាញ់យកបេក្ខភាពដើម្បីតំណាងកម្ពុជាទៅប្រកួតលើវេទិកាអន្តរជាតិនោះ ស្របពេលស្ថានភាពជាក់ស្តែងកំពុងតានតឹងគួរឱ្យព្រួយបារម្ភ។

 

 

 

ទោះជាយ៉ាងណាជាមួយនឹងឆន្ទៈ និងចក្ខុវិស័យច្បាស់លាស់ លោក ឈួង យីវឆូយ ក៏សង្ឃឹមថា កម្ពុជានឹងកាន់តែមានកេរ្តិ៍ឈ្មោះរីកសុះសាយនៅលើពិភពលោក តាមរយៈវេទិកាប្រកួតសម្រស់បវរកញ្ញាចក្កវាឡកម្ពុជានេះផងដែរ។សូមបញ្ជាក់ថាកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ Miss Univer Cambodia 2025 ដែលសម្បូរទៅដោយបេក្ខភាពខ្លាំងៗ ឆ្នើមៗ នឹងមានការឡាយផ្ទាល់ពីស្ថានីយទូរទស្សន៍ PNN និងផេកផ្លូវការ Miss Universe Cambodia ផងដែរ៕

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025