ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
បវរកញ្ញាវ័យក្មេងកូនកាត់ខ្មែរ-បារាំង ហាមមើឡិត វ៉េណេសា បានធ្វើដំណើរចាកចេញពីកម្ពុជាទៅចូលរួមប្រកួតកម្មវិធី World Junior Tourism Ambassador 2025 ប្រកបដោយភាពជឿជាក់ ជាមួយក្តីរំពឹងថា នឹងអាចបង្កើតប្រវត្តិសាស្រ្ត សម្រាប់កម្ពុជា ។
ហាមមើឡិត វ៉េណេសា កូនស្រីឈាមផ្សំខ្មែរ-បារាំង អាយុ៨ឆ្នាំ បានធ្វើដំណើរចាកចេញពីកម្ពុជាទៅចូលរួមប្រកួតប្រជែងកម្មវិធី World Junior Tourism Ambassador 2025 កាលពីព្រឹកមិញនេះ ដោយការប្រកួតអន្តរជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៧ ខែមិថុនា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
រៀមច្បងសិល្បករ បវរកញ្ញា-បុរសឯក រួមទាំងក្រុមគ្រួសារបាននាំគ្នាមកជូនដំណើរបវរកញ្ញាវ័យក្មេងរូបនេះប្រកបដោយភាពកក់ក្តៅ និងការលើកចិត្តយ៉ាងពេញទំហឹងសម្រាប់ការតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនេះ។
ក្រឡេកទៅមើលសាម៉ីខ្លួនឯណោះវិញ បានបង្ហាញអារម្មណ៍រំភើបរីករាយ និងក្តីមោទនភាពដែលបានតំណាងកម្ពុជាទៅប្រកួតកម្មវិធី World Junior Tourism Ambassador 2025 ថែមទាំងរំពឹងថា នឹងអាចបង្កើតប្រវត្តិសាស្រ្ត B2B (Back to Back) សម្រាប់កម្ពុជាទៀត ព្រោះម្ចាស់មកុដអន្តរជាតិឆ្នាំមុន គឺ ថៃ ដារ៉ូត ជាបវរកញ្ញាកម្ពុជាយើង។រៀបរាប់ដោយអារម្មណ៍ក្តុកក្តួលជំនួសកូនស្រីអាយុ៨ឆ្នាំដែលក្លាហានហ៊ានតំណាងប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ អ្នកម្តាយរបស់ វ៉េណេសា ថា ក្នុងនាមជាឪពុកម្តាយអ្នកទាំងពីរពិតជាមានមោទនភាពចំពោះកូនស្រីខ្លាំងណាស់។
ដ្បិតតែហត់នឿយបន្តិចជាមួយការរៀបចំផ្សេងៗ ប៉ុន្តែលោកស្រីពិតជាសប្បាយចិត្ត និងជឿជាក់លើសមត្ថភាពកូនស្រីម្នាក់នេះ ដែលមានភាពអត់ធ្មត់ហ្មត់ចត់ចំពោះការងារមិនចាញ់មនុស្សធំនោះឡើយ។លោក Romeo Awayan JR ជំនួយការរបស់ស្ថាបនិក The RAMP Academy បានប្រាប់ឱ្យដឹងពីការត្រៀមខ្លួន និងការហ្វឹកហាត់យ៉ាងដិតដល់របស់ វ៉េណេសា រយៈពេលប្រមាណា ៣ខែមុនចេញទៅប្រកួតនៅម៉ាឡេស៊ី ហើយលោកពិតជាសង្ឃឹមថា ហាមមើឡិត វ៉េណេសា នឹងអាចដណ្តើមបានមកុដអន្តរជាតិត្រឡប់មកកម្ពុជាវិញ៕
#បកប្រែ៖ «ពេលនេះខ្ញុំពិតជាសប្បាយចិត្ត ព្រោះពេលនេះការប្រកួតចាប់ផ្តើមហើយ ហើយ វ៉េណេសា ជាបវរកញ្ញាតំណាងរបស់កម្ពុជា។ The RAMP Academy បានរៀបចំសម្រាប់ការប្រកួតរបស់ វ៉េណេសា រយៈពេលច្រើនខែមកហើយ ដោយផ្តោតលើការពង្រឹងសមត្ថភាព ទេពកោល្យពិសេស និងការដើរ Catwalk ជាពិសេស ការឆ្លើយសំនួរ និងការសម្ភាសន៍តែម្តង។ ... ជាការពិតខ្លាំងណាស់ដែល The RAMP Academy រំពឹងថា វ៉េណេសា អាចឈ្នះការប្រកួតនេះ ព្រោះពួកយើងដឹងច្បាស់ពីសមត្ថភាពរបស់ក្មេងស្រីរូបនេះ»។
សូមជម្រាបថា ការប្រកួត World Junior Tourism Ambassador 2025 នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៣-២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទឹកដីប្រទេសម៉ាឡេស៊ី។ ក្នុងនោះ បវរកញ្ញាវ័យក្មេងកូនកាត់ខ្មែរ-បារាំង ហាមមើឡិត វ៉េណេសា បានត្រៀមឈុតសម្លៀកបំពាក់យ៉ាងទាក់ទាញច្នៃម៉ូដពីសូត្រខ្មែរ រួមទាំងឈុតតំណាងជាតិយ៉ាងមានអត្ថន័យសម្រាប់បង្ហាញលើឆាកអន្តរជាតិនាពេលឆាប់ៗនេះ ដូច្នេះកុំភ្លេចរង់ចាំតាមដានទស្សនាដំណើរការប្រកួតរបស់បវរកញ្ញាវ័យក្មេងរូបនេះទាំងអស់គ្នា!
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច