ថ្ងៃអង្គារ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៥

ប្រឡូកសិល្បៈជិត២០ឆ្នាំ ញឹម ចាន់ថន កើតចិត្តចង់បង្កើតថ្នាក់បង្រៀនសិល្បៈ

១២ កុម្ភៈ ២០២១ | កម្សាន្ដ

បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈរយៈពេលប្រមាណជិត២០រួចមក តារាសម្តែង និងជាពិធីការនីជើងចាស់ កញ្ញា ញឹម ចាន់ថន កើតចិត្តចង់បង្កើតថ្នាក់បង្រៀនសិល្បៈដោយខ្លួនឯង ខណៈបច្ចុប្បន្ន កញ្ញាក៏កំពុងជាគ្រូបង្រៀនឲ្យថា្នក់សិល្បៈមួយរូប​ផងដែរ។

 

 

ជួបជាមួយភីអិនអិនក្នុងថ្ងៃសម្ភោធជំនួញថ្មីរបស់តារាចម្រៀងស្រីជួរមុខកញ្ញា មាស សុខសោភា​ កាលពីពេលថ្មី តារាសម្តែងស៊ិចស៊ីរូបនេះបង្ហើបឲ្យដឹងថា បើទោះបីមិត្តសិល្បករ សិល្បការនីរួមជំនាន់ជាច្រើនបានកំពុងជោគជ័យលើកជំនួញបែបអនឡាញយ៉ាងក្តី តែសម្រាប់កញ្ញាផ្ទាល់ហាក់គ្មានចំនូលចិត្តលើកជំនួញនេះទេ ទោះដឹងច្បាស់ថាខ្លួនឯងពូកែនិយាយ សម្បូរវោហាសព្ទសាកសមជាអ្នកលក់អនឡាញយ៉ាងណាក៏ដោយ។

 

 

 

តារាសម្តែងចាស់វស្សារូបនេះ ហាក់មិនកង្វល់ក្នុងការចែករំលែកពីចំណេះដឹងសិល្បៈទៅកាន់ប្អូនៗជំនាន់ក្រោយ តាមរយៈថ្នាក់បង្រៀនដែលគ្រោងចង់បើកនោះទេ បែរលើកឡើងជំនួសថា រលកក្រោយអាចច្រានរលកមុខបានដរាបណាទាល់តែមានសមត្ថភាពខ្លាំងប៉ុណ្ណោះ។

 

 

 

គួររំលឹកថា ញឹម ចាន់ថន ជាតារាសម្តែងម្នាក់ល្បីល្បាញខ្លាំងខាងសម្តែងតួអង្គខ្មោច និងតួចរិកកាចឆ្នាស់ឆ្នើម។ តារាសម្តែងរូបនេះ ក៏ជាតារាស៊ិចស៊ីម្នាក់ក្នុងរង្វង់សិល្បៈកម្ពុជាដែរ។ ក្រៅពីអាជីពជាតារាសម្តែង ញឹម ចាន់ថន ក៏ការងារផ្សេងទៀតផងដែរ ដោយកញ្ញាជាបុគ្គលិករបស់ក្រុមហ៊ុនឯកជនក្នុងស្រុកមួយ។

 

 

តួអង្គខ្មោចក្នុងរឿង ចិញ្ចៀន រូបនេះ ត្រូវគេសម្គាល់ថា មិនសូវបង្ហាញខ្លួនសម្តែងភាពយន្តច្រើនដូចពីមុនទេ ជំនួសវិញដោយការងារជាពិធីការនីវិញ ព្រោះជារឿយៗគេតែឃើញតារាសម្តែងរូបនេះបង្ហាញខ្លួនជាពិធីការនីតាមកម្មវិធីផ្សេងៗជាញឹកញាប់។

 

 

ក្នុងកិច្ចសម្ភាសន៍ដដែរ ចាន់ថន ទទួលថា បច្ចុប្បន្ន ខ្លួនពិតជាមមាញឹកច្រើនលើការងារជាពិធីការនី ការងារបង្រៀនសិស្ស និងការងារឯកជន ចំណែកការសម្តែងគឺកញ្ញាផ្អាកទទួលមួយរយៈមកហើយ ព្រោះការថតភាពយន្តត្រូវចំណាយពេលយូរ ហើយកញ្ញាគិតថាកញ្ញាមិនមានពេលគ្រប់គ្រាន់ក្នុងការថតនោះ ទើបសម្រេចចិត្តផ្អាកបន្តិចសិន។

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025