ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ផ្លូវជាតិលេខ១០ លាតសន្ធឹងកាត់ខេត្តកោះកុង ពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង បាន និងកំពុងដំណើការសាងសង់ ដែលរហូតមកដល់ពេលនេះ សម្រេចបានជាង ៤០ភាគរយហើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ ព្រៃធម្មជាតិដ៏ស្រស់ស្អាត ដែលស្ថិតនៅស្របតាមផ្លូវជាតលេខ១០ ថ្មីនេះ ត្រូវបានរក្សាទុកជាអេកូទេសចរណ៍ ដែលអាចជាផ្នែកមួយ ទាក់ទាញអ្នកទេសចរផងដែរ។
ផ្លូវជាតិលេខ១០ ដែលកំពុងដំណើរការសាងសង់កាត់ខេត្តចំនួន៣ គឺខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង មិនត្រឹមតែជាផ្លូវ ដែលផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនឆ្លងកាត់ប៉ុណ្ណោះទេ ផ្លូវនេះ ក៏អាចជាផ្នែកមួយទាក់ទាញអ្នកទេសចរបានដែរ ដោយសារតែនៅស្របតាមបណ្តាយផ្លូវថ្មីនេះ មានតំបន់ធម្មជាតិមួយចំនួនជាពិសេសព្រៃឈើក្រាស់ៗ យ៉ាងស្រស់ស្អាត។
ដើម្បីឲ្យកិច្ចការងារសាងសង់ឲ្យមានប្រសិទ្ធភាព និងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលថ្មីៗនេះ បានដឹកនាំក្រុមការងារ បច្ចេកទេសចុះត្រួតពិនិត្យផ្លូវជាតិលេខ១០ ដោយមានការសហការចូលរួមពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងគ្រប់ផ្នែកពាក់ព័ន្ធផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា រហូតមកដល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់សម្រេចបានជាង ៤០ភាគរយហើយ។ ឯកឧត្តមបានជំរុញឲ្យក្រុមហ៊ុនសាងសង់ចិន CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ត្រូវធានាបានគុណភាពក្នុងការអនុវត្តស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងប្រសិទ្ធភាពកិច្ចការងារត្រូវតាមផែនការ ដោយត្រូវធ្វើបែបណាក្លាយជាផ្លូវដែលផ្តល់អត្ថប្រយោជន៍ក្នុងការដឹកជញ្ជូនឆ្លងកាត់។
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការរូបនេះ ក៏បានរំលឹកដល់ក្រុមហ៊ុនសាងសង់ ត្រូវរក្សាអេកូទេសចរណ៍ធម្មជាតិជុំវិញតំបន់ផ្លូវនេះ ដែលជាកត្តាអាចទាក់ទាញអ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តគយគន់ធម្មជាតិនៅតំបន់ទាំងនោះបានផងដែរ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបប្រមាណ ១៩៨គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូតក្នុងខេត្តបាត់ដំបង កាត់ចុះតាមស្រុកវាលវែង ខេត្តពោធិ៍សាត់ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សាងសង់ឡើងក្រោមទំហំវិនិយោគប្រមាណ ១៨៨លានដុល្លារ ជាជំនួយពីប្រទេសចិន និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា។ ផ្លូវនេះ ត្រូវសាងសង់ស្របទៅតាមស្តង់ដារ ផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់ប្រទេសចិន មានទទឹងតួផ្លូវសរុប ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ដែលបានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ដោយគ្រោងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២៣៕
អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ផ្តល់ដោយជំនាញ