ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
អតីតសមាជិកក្រុមចម្រៀងអង់គ្លេស One Direction គឺ Zyan Malik ទើបតែចេញវីដេអូចម្រៀងថ្មីមួយបទសម្រាប់ដើមឆ្នាំ២០២១នេះ និងអបអរខួបកំណើត ២៨ឆ្នាំរបស់ខ្លួនដែលឈានចូលនៅថ្ងៃទី១២ ខែមករានេះផងដែរ
តារាចម្រៀងអង់គ្លេស Zayn Malik (ហ្ស៊េន មេលីក) បានត្រលប់បង្ហាញមុខលើឆាកតន្ត្រីវិញ ប៉ុន្តែជាឆាកមហោស្រពដែលគ្មានទស្សនិកជន រួមទាំងក្នុងឈុតឆាកប្លែកៗមួយចំនួនទៀតសម្រាប់វីដេអូចម្រៀងថ្មីបំផុតរបស់ខ្លួនមានចំណងជើងថា "Vibez" (វ៉ែបហ្ស៍)។
បទថ្មីនេះគឺជាបទចម្រៀងទោលទី ២ របស់ ZAYN (ហ្ស៊េន) ដែលដកស្រង់ពីអាល់ប៊ុមថ្មីរបស់គេមានចំណងជើងថា “Nobody is Listening” ។
ដោយឡែក បទ“ Better” ដែលបទដំបូងក្នុងអាល់ប៊ុមនេះ បានចេញកាលពីខែកញ្ញាឆ្នាំមុន គឺបន្ទាប់ពីកំណើតកូនស្រីរបស់គេជាមួយតារាម៉ូដែល Gigi Hadid (ជីជីហាឌីត)។
ក្នុងវីដេអូចម្រៀងបទ “Vibez” គេឃើញអតីតសមាជិកក្រុម One Direction រូបនេះបានឈានជើងឡើងលើឆាកមហោស្រពស្ងាត់ជ្រងំ និងមានឈុតឆាកម្នាក់ឯងនៅកន្លែងរៀបចំប្លែកៗមួយចំនួនទៀតដូចជាក្នុងអគារ ក្នុងព្រៃ ក្នុងសមុទ្រ និងកោះទឹកកកជាដើម។
វីដេអូចម្រៀងនេះបានចេញរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះមុនខួបកំណើតគម្រប់ ២៨ឆ្នាំ របស់ Zayn ដែលចូលមកដល់នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។
សម្រាប់អាល់ប៊ុម “Nobody is Listending” ដែលជាស្ទូឌីយោអាល់ប៊ុមទី ៣ របស់ ZAYN នឹងត្រូវចេញលក់ផ្លូវការនៅថ្ងៃទី ១៥ ខែមករា ខាងមុខនេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន