ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥

លិខិតឆ្លងដែនថ្មីរបស់កោះតៃវ៉ាន់សង្ឃឹមបញ្ចប់ភាពភាន់ច្រលំជាមួយប្រទេសចិន

 

ដែនកោះតៃវ៉ាន់កាលពីថ្ងៃច័ន្ទបានចេញលិខិតឆ្លងដែនឌីហ្សាញថ្មីដែលផ្តល់ភាពលេចធ្លោរបន្ថែមទៅលើឈ្មោះកោះតៃវ៉ាន់ ជាជាងលិខិតឆ្លងដែនចាស់ដែលមានដាក់អក្សរថា សាធារណៈរដ្ឋចិន។ ការចេញលិខិតឆ្លងដែនថ្មីមានបំណងបញ្ជៀសការភាន់ច្រលំរវាងកោះតៃវ៉ាន់ និងប្រទេសចិននៅចំពេលមានជំងឺឆ្លងកូវីដ១៩ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនគ្រប់គ្រងកោះតៃវ៉ាន់។

 

 

 

 

 

 

នៅលើក្រមមុខលិខិតឆ្លងដែនចាស់របស់កោះតៃវ៉ាន់មានដាក់អក្សរថា សាធារណៈរដ្ឋចិនជាឈ្មោះផ្លូវការ ដែលសរសេរជាអក្សរអង់គ្លេសធំៗនៅផ្នែកខាងលើក្រមខាងមុខ។ ចំណែកពាក្យថា តៃវ៉ាន់ សរសេរនៅខាងក្រោម។ ចំណុចនេះបានបង្កើតអោយមានភាពភាន់ច្រលំរវាងប្រទេសចិន និងកោះតៃវ៉ាន់ជាអន្តរជាតិ។ នេះបើតាមការអោយដឹងពីរដ្ឋាភិបាលកោះតៃវ៉ាន់។

 

 

អំឡុងពេលដំបូងផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ នោះ ដែនកោះតៃវ៉ាន់បានលើកឡើងថា ពលរដ្ឋតៃវ៉ាន់មួយចំនួនត្រូវគេច្រលំជាមួយពលរដ្ឋចិន ហើយពេលខ្លះពលរដ្ឋកោះតៃវ៉ាន់រងអយុត្តិធម៌ ទៅលើបញ្ហាហាមឃាត់ចូលប្រទេសណាមួយ ខណៈដែលកោះតៃវ៉ាន់គ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩បានយ៉ាងល្អ។ លិខិតឆ្លងដែនថ្មី ឃើញថា ពាក្យកោះតៃវ៉ាន់ជាភាសាអង់គ្លេស ត្រូវបានគេ ពង្រីកយ៉ាងធំ ហើយលុបចោលពាក្យអង់គ្លេសដែលសរសេរថា សាធារណៈរដ្ឋចិន។ ប៉ុន្តែពាក្យថាសាធារណៈរដ្ឋចិនត្រូវបានរក្សាទុកដដែលជាភាសាអង់គ្លេសប៉ុន្តែជាអក្សរទំហំតូចដាក់នៅជុំវិញនិមិត្ត សញ្ញាជាតិ។

 

 

អាជ្ញាធរកោះតៃវ៉ាន់បានអោយដឹងថា នៅត្រឹមពាក់កណ្តាលថ្ងៃ នៅថ្ងៃច័ន្ទ អាជ្ញាធរ ទទួលបានការស្នើសុំលិខិតឆ្លងដែនថ្មី៧០០នាក់។

 

 

 

 

 

 

 

 

 

អាជ្ញាធរកោះតៃវ៉ាន់បន្តអោយដឹងថា គោលបំណងនៃការពង្រីកអក្សរកោះតៃវ៉ាន់​ធ្វើឡើងដើម្បីកុំអោយគេយល់ប្រចាំថា ពលរដ្ឋតៃវ៉ាន់ជាអ្នកទៅពីប្រទេសចិន នៅពេលពួកគេធ្វើដំណើរទៅបរទេស។


ពលរដ្ឋម្នាក់ដែលស្នើសុំលិខិតឆ្លងដែនបានលើកឡើងថា ការផ្លាស់ប្តូរទម្រង់លិខិតឆ្លងដែនថ្មីគឺអស្ចារ្យខ្លាំងណាស់។

 

 

ទាក់ទងនឹងបញ្ហាលិខិតឆ្លងដែនថ្មីនេះ ប្រទេសចិនបានលើកឡើងថា មិនមានជាបញ្ហាអ្វីឡើយ ដែលរឿងកំប៉ិកកំប៉ុកអ្វីដែលតៃវ៉ាន់ធ្វើពីព្រោះថា រឿងពិតដែលមិនអាចកែប្រែបានគឺកោះតៃវ៉ាន់មិនអាចបំបែកចេញពីប្រទេសចិន។ ប្រទេសចិនបានអះអាងថា កោះតៃវ៉ាន់ជាទឹកដីអធិបតេយ្យរបស់ប្រទេសចិន ហើយមានតែប្រទេសចិនប៉ុណ្ណោះដែលមានសិទ្ធិនិយាយជាអន្តរជាតិសម្រាប់ដែនកោះមួយនេះ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025