ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

ជាង ២០ ឆ្នាំក្រុមចម្រៀង MKS ទើបមានឱកាសជួបគ្នា និងច្រៀងរំលឹកអនុស្សាវរីយ៍ចាស់ឡើងវិញ ! 

០៧ មករា ២០២១ | កម្សាន្ដ

អតីតក្រុមចម្រៀង MKS កំពុងធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងជាមួយនិងការថតបទចម្រៀងចាស់របស់ខ្លួនឡើងវិញ បើទោះបីជាអ្នកទាំង ៤ មានវ័យច្រើនយ៉ាងណាក្តី តែម្នាក់ៗនៅមានទឹកដមសម្លេងល្អ និងមានរូបរាងសង្ហារ មិនចាញ់ជាង ២០ ឆ្នាំមុនឡើយ ។

 

 

ក្រុមចម្រៀង MKS មានគ្នាចំនួន ៤ នាក់ដូចជា ហេង ពិទូ , វណ្ណា ពិសិដ្ឋ , មិញ បញ្ញាសុទ្ធ និងលោក ហេង សុភី ។ អ្នកទាំង ៤ មិនត្រឹមតែមានទេពកោសល្យខាងច្រៀងនិងរាំប៉ុណ្ណោះទេ ថែមទាំងចេញ និព្ធ និងលេចភ្លេងផងដែរ ។

 

 

គេនៅចាំបានថា កាលពីជាង ២០ ឆ្នាំមុនក្រុមចម្រៀង MKS បានអង្រួញឆាកតន្រ្តីឱ្យកក្រើកមិនធម្មតា ទេតាមរយៈបទច្រៀងថ្មីៗ ជាមួយនិងក្បាច់រាំផ្ទាល់ខ្លួនមិនចាញ់តារាបរទេសឡើយ ប៉ុន្តែក្រោយពីមាន គ្រួសារ និងមានវ័យកាន់តែច្រើន ពួកគេក៏បានបែកគ្នាអស់ ដោយម្នាក់ៗទៅប្រកបរបររៀងៗខ្លួន មានតែលោក ហេង ពិទូ ម្នាក់ប៉ុណ្ណោះដែលនៅបន្តអាជីពចម្រៀងរហូតមកដល់សព្វថ្ងៃនេះ ។

 

ដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ឡើងវិញអតីតក្រុមចម្រៀង MKS បាននាំគ្នាថតបទចម្រៀងដ៏ល្បីកាលពី ២០ ឆ្នាំមុនឡើងវិញ ដែលមានចំណងជើងថា « ពេលដែលត្រូវបែក » ដែលជាស្នាដៃនិពន្ធរបស់លោក មិញ សុធីវណ្ណ ។

 

តាមរយៈវិដេអូចម្រៀងមួយបទនេះ បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំង មិននឹកស្មានថា ក្រុមចម្រៀងនេះអាចនឹងមកច្រៀងរួម គ្នាឡើងវិញទេ បើទោះបីជាម្នាក់ៗមានវ័យច្រើនរៀងៗ ខ្លួន តែទឹកដមសម្លេងពួកគេនៅតែមិនប្រែប្រួល ។

 

លោក ហេង ពិទូ ដែលជាអតីតសមាជិកម្នាក់បាននិយាយថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានច្រៀងរំលឹកអនុស្សាវរីយ៍ចាស់ឡើងវិញជាមួយមិត្តរួមក្រុម ។

 

ដើមឡើយលោកនិងមិត្តរួមក្រុមក៏មិនមានបំណងនឹងច្រៀង Cover បទចម្រៀងនេះដែរ តែដោយសារមានការសំណូមពរច្រើនពីទស្សនិកជន ទើបលោកសម្រេចចិត្តលើកយកបទចម្រៀងមួយបទនេះមកច្រៀងរួមគ្នាឡើងវិញ ។

 

ដោយឡែកលោក ហេង សុភី វិញ លោកបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា «ខ្ញុំពិតជារំភើបចិត្ត សង្ឃឹមថា ទស្សនិកជននិងបានស្គាល់ពួកខ្ញុំម្តងទៀត » ។

 

សម្រាប់អ្នកគាំទ្រវិញក្រោយពីបានទស្សនាវិដេអូចម្រៀងថ្មីរបស់ក្រុមចម្រៀង MKS រួចម្នាក់ៗលាន់មាត់ សរសើរ និងចង់បន្តឱ្យក្រុមចម្រៀងនេះចេញបទចម្រៀងរួមគ្នាជាថ្មីម្តងទៀត ៕ 

 

 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា  

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025