ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

អង់គ្លេស ប្រាប់កម្ពុជាថា មិនដកការអនុគ្រោះពន្ធ ដូចអឺរ៉ុបឡើយ

២១ ធ្នូ ២០២០ | ព័ត៌មានជាតិ

នៅពេលអង់គ្លេស ចេញពីសហភាពអឺរ៉ុបជាផ្លូវការហើយនោះ ប្រទេសមួយនេះ នឹងមិនអនុវត្តការដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់មុខទំនិញលើកលែងតែសព្វាវុធ EBA» ពីកម្ពុជាឡើយ។  នេះបើតាមការបញ្ជាក់ពីលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា ក្នុងជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន។  

 


ក្នុងជំនួបជាមួយប្រមុខការទូតកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីពេលថ្មីៗ និងត្រូវបានក្រសួងការបរទេសបហរកាសឱ្យដឹងនៅថ្ងៃទី១៩ ខែធ្នូនេះ លោកជំទាវឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅក ម្ពុជា បានគូសបញ្ជាក់ថាចក្រភពអង់គ្លេស នឹងអនុវត្តគោលនយោបាយពាណិជ្ជកម្មឯករាជ្យ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ទៅ និងថាការចាប់ផ្តើមអនុវត្តគោលនយោបាយពាណិជ្ជកម្មឯករាជ្យរបស់ខ្លួន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ គឺចំថ្ងៃដែលអង់គ្លេស ត្រូវចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។ 

 


បើតាមសេចក្តីប្រកាសព័ត៌មាន ភាគីអង់គ្លេសបានសង្កត់បញ្ជាក់ច្បាស់ៗថាខ្លួននឹងមិនធ្វើដូចសហភាពអឺរ៉ុបដែលព្យួរប្រព័ន្ធអនុគ្រោះផ្នែកខ្លះនៅកម្ពុជានោះទេ ខណៈសេដ្ឋកិច្ចកម្ពុជា កំពុងរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩នោះទេ។  អង់គ្លេសថែមទាំងទទួលស្គាល់ថា ការប៉ះពាល់នេះ បានជះឥទ្ធិពលទៅលើក្រុមមនុស្សងាយរគ្រោះ ក្នុងនោះ ក៏មានកម្មកររោងចក្រផ្នែកសម្លៀកបំពាក់។  


លោកជំទាវក៏បានជម្រាបជូនប្រមុខការទូតកម្ពុជាដែរថាខ្លួនកំពុងរិះរកផ្លូវ ដើម្បីចរចាជាមួយភាគីកម្ពុជា លើបញ្ហាសិទ្ធិមនុស្សនិងសិទ្ធិសេរីភាព។ 

 


ឯកឧត្តម ប្រាក់ សុខុន បានកោតសរសើរអង់គ្លេស ដែលសម្រេចចិត្តបែបនេះ និងបានចាត់ទុកថាជាការលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជា និងជាដំណឹងល្អសម្រាប់កម្មករដែលរងការប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។ 


សេចក្តីប្រកាសព័ត៌មាន បានស្រង់ប្រសាសន៍រដ្ឋមន្ត្រីការបរទេសកម្ពុជាមកបញ្ជាក់ថា«កម្ពុជា ប្តេជ្ញាយ៉ាងមុតមាំក្នុងការកសាងទំនាក់ទំនង ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយចក្រភពអង់គ្លេស ទាំងលើវិស័យទ្វេភាគីនិងពហុភាគី»។


សហភាពអឺរ៉ុបបានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ នៅកម្ពុជា ចាប់តាំងពីខែសីហា ឆ្នាំ២០២០មក មានន័យថា កម្ពុជា ដែលធ្លាប់នាំទិញគ្រប់មុខ (លើកលែងតែអាវុធ) ចូលទៅទីផ្សារអឺរ៉ុប ដោយមិនបង់ពន្ធ គឺត្រូវបង់ពន្ធលើមុខទំនិញ២០ភាគរយ។ 

 


បច្ចុប្បន្ន អង់គ្លេសដែលនៅតែសមាជិករបស់សហភាពអឺរ៉ុបនៅឡើយ ក៏ត្រូវអនុវត្តតាមការសម្រេចរបស់សហភាពអឺរ៉ុបដែរ ពោលគឺ កម្ពុជា ត្រូវបង់ពន្ធលើមុខទំនិញ២០ភាគរយ ពេលនាំទំនិញចូលទៅអង់គ្លេស។ 


លុះត្រាតែចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ទៅ ជាថ្ងៃដែលអង់គ្លេស ផ្តាច់ខ្លួនទាំងស្រុងពីសហភាពអឺរ៉ុប ទើបអង់គ្លេស អាចបញ្ឈប់ការអនុវត្តប្រព័ន្ធអនុគ្រោះព័ន្ធ EBA បាន។ ក្រៅពី EBA នេះ នៅខែមករាខាងមុខកម្ពុជាក៏ទទួលបានប្រព័ន្ធអនុគ្រោះ GSP ពីអង់គ្លេសដែរ៕

 

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025