ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

ឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំកម្ពុជា មានគម្រោងនាំអង្ករកម្ពុជាចូលទីផ្សារទីម័រខាងកើត 

១១ មិថុនា ២០២០ | ព័ត៌មានជាតិ

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Ermenegildo Kupalopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសំដែងការគួរសម។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងប្រាប់ថាកម្ពុជាបានពង្រីកផលិតភាពផលិតកម្មកសិកម្ម និងទីផ្សារនាំចេញកសិផលជាច្រើនទៅកាន់ទីផ្សារអន្តរ ជាតិមានដូចជា៖ ស្រូវ អង្ករ ស្វាយ ចេក ស្វាយចន្ទី ដំឡូងមីស្រស់-ក្រៀម បន្លែ ត្រី និងសត្វ។ល។ តាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម តាមរយ:ការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស និងផ្លាស់ប្តូរបទពិសោធន៍រវាងថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវវិទ្យាសាស្រ្ត និងមន្រ្តីជំនាញ។

 


ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងអាណត្តិ នៃការបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជាថា នឹងខិតខំជម្រុញ និងពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការវិស័យកសិកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ហើយនឹងពិនិត្យ និងរៀបចំឯកសារអនុស្សរណ:នៃការយោគយល់គ្នាលើការនាំចេញកសិផល និងការបណ្តុះបណ្តាលជនធានមនុស្សក្នុងពេលឆាប់ៗ។

 


 ដោយឡែក ចំពោះការនាំចេញអង្ករទៅកាន់ទីផ្សារទីម័រខាងកើត ឯកឧត្តមឯកអគ្គរដ្ឋទូតថានឹងខិតខំជម្រុញឱ្យពាណិជ្ជករទីម័រខាងកើតមកសិក្សា និងស្វែងយល់បន្ថែមអំពីនីតិវិធីច្បាប់ បច្ចេកទេស និងបែបបទនៃការនាំចេញរបស់កម្ពុជាឱ្យបានស៊ីជម្រៅ ហើយសង្ឃឹមថាអង្ករកម្ពុជានឹងមានលក់នៅទីផ្សារទីម័រខាងកើតក្នុងពេលអនាគតដ៏ខ្លី។

 


ជាការឆ្លើយតប តាមចេតនារបស់ឯកអគ្គរដ្ឋទូតដែលចង់នាំអង្ករកម្ពុជាចូលទីផ្សារទីម័រខាងកើត ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាឱកាសជួបឯកឧត្ដមឯកអគ្គរដ្ឋទូតកាលពីថ្ងៃទី ២៧ ខែឧសភា នៅវិមានសន្តិភាព ថារដ្ឋាភិបាលទីម័រខាងកើតគួរបញ្ជូនក្រុមហ៊ុន ឬពាណិជ្ជករមកសិក្សាស្វែងយល់អំពីសក្តានុពល នៃការផលិតស្រូវ បង្កើតរោងម៉ាស៊ីន និងវេចខ្ចប់ឱ្យបានសមស្របតាមស្តង់ដាររបស់ទីផ្សារទីម័រខាងកើត ហើយករណីនេះភាគីកម្ពុជានឹងរង់ចាំផ្តល់កិច្ចសហការឱ្យពេញលេញធ្វើយ៉ាងណាឱ្យការវិនិយោគនេះសម្រេចទទួលបានជោគជ័យ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025