ថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥

ភោជនីយដ្ឋាន​ហុល្លង់ ​​បម្រើអាហារ​ពេល​ល្ងាច​ក្នុង​ស្តង់កញ្ចក់ ​ដើម្បី​ការពារ​កូវីដ​១៩

ភោជនីយដ្ឋានឈ្មោះ ETEN ​នៅប្រទេសហុល្លង់បានបង្កើតសេវាញ៉ាំអាហារខាង​ក្រៅបែបទំនើប​សម្រាប់​សម័យ​កូវីដ​១៩ ដោយ​បាន​រៀបចំ​ស្តង់​កញ្ចក់​ថ្លាសម្រាប់​មនុស្ស​ពីរ​នាក់អាច​ញ៉ាំ​អាហារ​គយគន់​ទេសភាព​ក្នុង​ទីក្រុង។

 

 

អ្នករត់តុច្រើន​នាក់​ដែលពាក់ស្រោម​ដៃ និង​របាំងការពារមុខថ្លាៗ បានប្រើបន្ទះក្តារវែងដើម្បីនាំចានម្ហូប​ចូលក្នុងស្តង់កញ្ចក់ដើម្បីធានាបាននូវការទាក់ទងផ្ទាល់ជាមួយអតិថិជនតិចបំផុត។

 

 

ខណៈពេលដែលគំនិតនេះដំបូងត្រូវបានសាក​ល្បង​សម្រាប់តែគ្រួសារនិងមិត្តភក្តិរបស់បុគ្គលិកនៃភោជនីយដ្ឋាន ETEN ​ប៉ុន្តែ​វា​ក៏​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ចាប់អារម្មណ៍​ដោយ​សារ​អាហារ​ពេលល្ងាច​នេះមើល​ទៅ​ពិត​ជា​រ៉ូមែនទិក​ក្រោម​ពន្លឺទៀន និង​ទេសភាព​មាត់​ទឹក។

 

 

ខណៈ​ដែល​វីរុស​កូវីដ​១៩បាន​ឆ្លង​ដល់​មនុស្ស​ជាង ៤ម៉ឺននាក់ និង​សម្លាប់​មនុស្ស​ជាង ៥ពាន់​នាក់ក្នុងប្រទេស​ហុល្លង់ភោជនីយដ្ឋាននានា​នៅប្រទេសនេះត្រូវបានបិទទ្វារជាសាធារណៈរហូតដល់ថ្ងៃទី ១៩ ខែឧសភាតែ​ភោជនីយដ្ឋាន​ខ្លះ​អាចបើក​លក់​សម្រាប់​តែ​ការ​កុម្ម៉ង់​ខ្ចប់​ទៅ​ផ្ទះ​។ សមាគមភោជនីយដ្ឋានហុល្លង់​ហៅកាត់ KNH បាននិយាយថាបើទោះបីជាភោជនីយដ្ឋានត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញដោយ​ត្រូវ​អនុវត្តវិធានការណ៍សុវត្ថិភាពបែបនេះក៏ដោយ ប៉ុន្តែមាន​ហាង​ជា​ច្រើនប្រឈមនឹងការខាតបង់ហិរញ្ញវត្ថុធ្ងន់ធ្ងរ ប្រសិនបើការរឹតបន្តឹង​នៅ​តែមាន ៕

 

ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025