ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥

អាជ្ញាធររាជធានីភ្នំពេញអំពាវនាវដល់ម្ចាស់ទីតាំងជួល និងផ្ដល់សេវាផ្សេងៗ កុំកាត់លុយ ឬយកលេសទាមទារ សំណងពីម្ចាស់កម្មវិធី ដែលត្រូវពន្យារពេល ដោយសារកូវីដ-១៩

០៣ ធ្នូ ២០២០ | ព័ត៌មានជាតិ

អាជា្ញធររាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ទីតាំងជួលរៀបចំកម្មវិធី និងផ្ដល់សេវាផ្សេងៗ សូមកុំកាត់លុយ ឬយក លេសទាមទារសំណង នៃការខាតបង់ពីម្ចាស់កម្មវិធី ដែលបានកក់ប្រាក់ ដោយបានត្រូវពន្យាពេលដោយស្ម័គ្រចិត្ត ចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលនៃមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅរាជធានីភ្នំពេញ។ អាជា្ញធររាជធានីភ្នំពេញរំពឹងថា ម្ចាស់ទីតាំងជួល និងផ្ដល់សេវាផ្សេងៗ យោគយល់អធ្យាស្រ័យខ្ពស់ និងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយ ក្នុងការទប់ស្កាត់ ការរីករាលដាលមេរោគកូវី -១៩ ក្នុងសហគមន៍ជាក់ជាមិនខាន។

 

 

ក្នុងសេចក្ដីអំពាវនាវរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មវិធីទាំងអស់ ដែលបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់មជ្ឈមណ្ឌល អគារ ភោជនីយដ្ឋាន ទីតាំង សម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ ម្ចាស់សម្អាងការ ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អាជីវកម្មលក់ភេសជ្ជៈ ផ្កា និងសម្ភារ នានា ក៏ដូចក្រុមហ៊ុន ឬអាជីវករ ដែលផ្តល់សេវាកម្មផ្សេងៗ ដល់ការរៀបចំកម្មវិធីទាំងអស់ សូមមេត្តាយោគយល់ អធ្យាស្រ័យ និងសូមកុំកាត់លុយ ឬយកលេសទាមទារសំណង នៃការខាតបង់ពីម្ចាស់កម្មវិធី ដែលបានកក់ប្រាក់ ព្រមទាំងជៀសវាងការយកឱកាសនេះ ដើម្បីកេងចំណេញពីប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលនៃមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅរាជធានី ភ្នំពេញ ។

 


តាមរយៈសេចក្តីអំពាវនាវនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមទុកជាមុនថា ម្ចាស់មជ្ឈមណ្ឌល អគារ ភោជនីយដ្ឋាន ទីតាំងសម្រាប់ជួល រៀបចំកម្មវិធីទាំងអស់ ម្ចាស់សម្អាងការ ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អាជីវកម្មលក់ភេសជ្ជៈ ផ្កា និងសម្ភារនានា ក៏ដូចក្រុមហ៊ុន ឬអាជីវករ ដែលផ្តល់សេវាកម្មផ្សេងៗ ដល់ការរៀបចំកម្មវិធីទាំងអស់ នឹងចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្តីអំពាវនាវនេះ ដោយស្មារតីយោគយល់ អធ្យាស្រ័យខ្ពស់ និងឈរលើស្មារតីសាមគ្គី ជាតិជាធ្លុងមួយ ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ក្នុងសហគមន៍ជាក់ជាមិនខាន ។

 

 

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យផ្អាករាល់ការជួបប្រជុំនានា រាប់ទាំងការរៀបអាពាហ៍ពិពាហ៍ នៅភ្នំពេញ និងនៅខេត្តសៀមរាប រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី ០១ ខែធ្នូ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ ការសម្រេចដូច្នេះ ត្រូវបានសម្តេចតេជោ បញ្ជាក់ថា ធ្វើឡើងដោយយោងតាមតម្រូវការចាំបាច់ និងដោយមានសំណូមពរពីក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ។ ម្យ៉ាងទៀត បើមិនធ្វើដូច្នោះទេ នឹងយឺតពេលក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩៕


អត្ថបទ៖ សន រដ្ឋា , រូបភាព ៖ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025