ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅរាជធានីភ្នំពេញមិនជាប់គាំង ទោះបីជាស្ថិតក្នុងវិបត្តិកូវីដ-១៩

២៧ កក្កដា ២០២១ | ព័ត៌មានជាតិ

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ប្រឡាយ លូទឹកជាដើម នៅរាជធានីភ្នំពេញ មិនជាប់គាំងនោះឡើយ ទោះបីជាមានការយាយីដោយវិបត្តិកូវីដ១៩។ ជាក់ស្តែង នៅថ្ងៃទី២៦ ខែកក្កដានេះ អាជ្ញាធររាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ ប្រវែងជាង ១គីឡូម៉ែត្រ ក្នុងខណ្ឌមានជ័យ ភ្ជាប់ពីផ្លូវ២១៧ រហូតទៅដល់ផ្លូវលេខ២៧១។

 


ទោះបីជាមានការយាយីដោយវិបត្តិកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន ប្រឡាយ លូទឹកជាដើម នៅរាជធានីភ្នំពេញ មិនជាប់គាំងនោះឡើយ។ ជាក់ស្តែង កំណាត់ផ្លូវមួយខ្សែ ដែលមានប្រវែងជាង១គីឡូម៉ែត្រ ចាប់ពីផ្លូវ២១៧ ដល់ផ្លូវ២៧១ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនា ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ។


រដ្ឋបាលខណ្ឌមានជ័យ បានឲ្យដឹងថា កំណាត់ផ្លូវនេះ ជាផ្លូវឲ្យមានលក្ខណៈតូចចង្អៀត ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទើបអាជ្ញាធររាជធានីភ្នំពេញ មានគម្រោងបើកផ្លួវនេះឲ្យបានធំជាង ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ ជាពិសេស ជួយសម្រួលដល់លំហូរចរាចរណ៍ រំដោះភាពកកស្ទះ នៅលើផ្លូវមួយចំនួនដែលនៅក្បែរផ្លូវមួយខ្សែនេះ។

 


រដ្ឋបាលខណ្ឌមានជ័យ បានអោយដឹងទៀតថា មុនឈានដល់ការចាប់ផ្តើមស្ថាបនាផ្លូវមួយខ្សែនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់របស់គម្រោងពង្រីកផ្លូវនេះ ដែលមានចំនួន២០៦ក្បាលដីស្មើនឹងជាង២៥០គ្រួសារ។  ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក៏បានស្រុះស្រួល សហការជាមួយអាជ្ញាធរ ក្នុងការរុះរើចេញ កាលពីថ្ងៃទី១២កក្កដា ឆ្នាំ២០២១កន្លងទៅ។ 


រដ្ឋបាលខណ្ឌមានជ័យ ក៏បានថ្លែងការអរគុណនិងកោតសរសើរ ចំពោះប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវមួយចំនួន ដែលសុខចិត្ត កាត់របង និងតួផ្ទះរបស់ខ្លួនចេញ មានដើម្បីឱ្យអាជ្ញាធរពង្រីកផ្លូវឱ្យបានធំទូលាយ។

 


គួរបញ្ជាក់ថា កំណាត់ផ្លូវមួយខ្សែនេះមានប្រវែងជាង១គីឡូម៉ែត្រ មានទទឹងចន្លោះពី៨ម៉ែត្រ ដល់១២ម៉ែត្រ ដោយកន្លែង និងភ្ជាប់ពីផ្លូវ២១៧ មុខផ្សារស្ទឹងមានជ័យចាស់ រហូតទៅដល់ ផ្លូវលេខ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី ឆ្លងកាត់សង្កាត់ចំនួន២ គឺសង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់បឹងទំពុនទី១ ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ៕


អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ញិល សុជា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024