ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញអះអាងថា ការដាក់ចេញវិធានការថ្មីៗ គឺដើម្បីទប់ស្កាត់ និងឈានទៅកាត់ផ្តាច់ទាំងស្រុងការឆ្លងរាលដាលជំងឺកូវីដ-១៩

២៣ មិថុនា ២០២១ | ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ កាលពីចុងសប្តាហ៍កន្លងទៅ បានប្រកាសជាថ្មី ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំប្រមូលផ្តុំមនុស្ស រយៈពេល ២សប្តាហ៍។ ក្នុងនោះ អាជ្ញាធរ ក៏បានបន្តកំណត់ផ្នែកខ្លះក្នុងភូមិចំនួន៤ ក្នុងខណ្ឌពោធិ៍សែនជ័យ ជាតំបន់លឿងទុំ។  អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ អះអាងថា ការដាក់ចេញវិធានការថ្មីៗនាពេលនេះ គឺដើម្បីសំដៅទប់ស្កាត់ និងឈានទៅកាត់ផ្តាច់ទាំងស្រុងការឆ្លងរាលដាលជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ។ 

 


វិធានការផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពអាជីវកម្ម ដែលមានហានិភ័យខ្ពស់ ការជួបជុំប្រមូលផ្តុំមនុស្ស និងកំណត់បន្តបែងចែកផ្នែកខ្លះក្នុងភូមិមួយចំនួននៅរាជធានីភ្នំពេញជាតំបន់លឿងទុំ ត្រូវប្រកាសដាក់ចេញជាថ្មីម្តងទៀត។ បើតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានអះអាងថា ការដាក់ចេញវិធានការថ្មីៗនាពេលនេះ គឺដើម្បីសំដៅទប់ស្កាត់និងឈានទៅកាត់ផ្តាច់ទាំងស្រុងការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ 

 


អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា សកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលបាន ប្រកាសផ្អាកជាបណ្ដោះអាសន្ន រយៈពេល២សប្តាហ៍នោះរួមមាន សាលារៀនរូមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែលធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ដូចជាខារ៉ាអូខេ បៀហ្គាឌិន និងកាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា រោងភាពយន្ត រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាជាដើម។

 


ក្រៅពីសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលបានប្រកាសផ្អាកជាបណ្ដោះអាសន្ននេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀតទៅតាមស្ថានភាព វិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

 


គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា បានដាក់ចេញនូវវិធានរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី២០ មិថុនា រហូតដល់ថ្ងៃទី៣ ខែកក្កដា ។ ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តរក្សាផ្នែកខ្លះនៃភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ និងផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ភូមិព្រៃព្រីងខាងជើង២ និង ភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជា "តំបន់លឿងទុំ" ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត៕


អត្ថបទ៖ សន រដ្ឋា     រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024