ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងដាក់អោយអនុវត្តផែនការព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះ ខណៈបច្ចុប្បន្ន អ្នកជំងឺកំពុងព្យាបាលតាមផ្ទះជាង ៣០០នាក់

០៦ កក្កដា ២០២១ | ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងដាក់អោយអនុវត្តផែនការព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះ ដោយធានាបានទាំងគុណភាព និងទាំងសុវត្ថិភាព ក្នុងពេលឆាប់ៗនេះ ខណៈបច្ចុប្បន្ន អ្នកជំងឺកំពុងព្យាបាល តាមផ្ទះ នៅភ្នំពេញ មានជាង ៣០០នាក់។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ការព្យាបាលនៅតាមផ្ទះនេះ ទាមទារអោយមានការគ្រប់គ្រង និងមើលការខុសត្រូវ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន ជាអ្នកទទួលខុសត្រូវ សហការជាមួយមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត TYDA ។

 


កិច្ចប្រជុំពិភាក្សានេះ តាមរយៈ Video Conference ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី៥ កក្កដា ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ចំនួនរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ មិនមានការថមថយនោះទេ តែបែរជាកើនឡើងខ្លាំង រហូតខ្វះកន្លែងទទួលអ្នកជំងឺព្យាបាល ដែលតម្រូវអោយបង្កើតឱ្យមានជាការព្យាបាលនៅតាមផ្ទះនេះ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការគ្រប់គ្រងនិងមើលការខុសត្រូវ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន ជាអ្នកទទួលខុសត្រូវ។

 


ឯកឧត្តម បន្តថា អាជ្ញាធរខណ្ឌទាំង១៤ ជាអ្នកផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុម គ្រូពេទ្យស្មគ្រ័ចិត្តTYDA ដោយបង្កើតឲ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាអន្តរាគមន៏ ជួយប្រជាពលរដ្ឋអោយទាន់ពេលវេលា។


ជាមួយគ្នានោះ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីពិភាក្សាអោយស៊ីសង្វាក់គ្នារវាងអាជ្ញាធរជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ ថាតើការបង្កើតឱ្យមានការព្យាបាលតាមផ្ទះហើយ ត្រូវអនុវត្តបែបណា ដែលអាចឱ្យអ្នកជំងឺទទួលយកបាន។

 


គួរបញ្ជាក់ថា ការរៀបចំអោយមានការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះ ធ្វើឡើងស្របតាមអនុសាសន៏របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១ កក្កដា ។ ការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះ រាជធានីភ្នំពេញ បានឈានមួយជំហានទៅមុខរួចហើយ ដែលមកដល់ពេលនេះមានអ្នកជំងឺប្រមាណជាង៣០០ នាក់ កំពុងសំរាកព្យាបាលនៅតាមផ្ទះ ពិសេសគឺអាជីវករផ្សារអូឡាំពិក៕


អត្ថបទ៖ សន រដ្ឋា     រូបភាព៖ ផ្តល់ដោយរដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024