ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
តារាសម្តែងស្រស់សោភា២រូបដែលកំពុងសាងភាពល្បីល្បាញក្នុងវិស័យភាពយន្តកម្ពុជា គឺ ឈូឈូ និង វ៉ាន់វីតា ថ្មីៗនេះ បានចេញមុខគាំទ្រអាជីវកម្មមួយដែលបង្កើតផ្ទាល់ដោយស្នាដៃកូនខ្មែរ។
តារាសម្តែងស្រីវ័យក្មេងចំនួន២រូបដែលកំពុងល្បីឈ្មោះបោះសម្លេងលើវិថីសិល្បៈតាមរយៈស្នាដៃរឿងដុំ និងរឿងភាគទូរទស្សន៍ គឺកញ្ញា អាង សុជាតា ហៅ ឈូឈូ និងកញ្ញា អួន វ៉ាន់វីតា កាលពីពេលថ្មីៗនេះ បានបង្ហាញខ្លួនក្នុងហាងម្ជូរមួយឈ្មោះថា ស្នាដៃខ្មែរម្ជូរឆ្ងាញ់ សៀមរាប សាខាផ្លូវសុធារស ក្នុងគោលបំណងគាំទ្រអាជីវកម្មដែលបង្កើតដោយស្នាដៃកូនខ្មែរសុទ្ធសាធ។
ផ្តល់កិច្ចសម្ភាសន៍ដោយទឹកមុខរីករាយ ស្រីស្រស់ វ៉ាន់វីតា តារាសម្តែង និងជាតារាចម្រៀងដ៏មានទឹកដមម្នាក់ និយាយថា ការដែលខ្លួនចេញមុខមកគាំទ្រហាងលក់ម្ជូរនេះ គឺដោយសារខ្លួនជាអ្នកចូលចិត្តញ៉ាំម្ជូរ ហើយពេញចិត្តខ្លាំងលើការថែរក្សាអនាម័យនៃហាងនេះ ម៉្យាង កញ្ញាចង់ជម្រុញអាជីវកម្មដែលបង្កើតដោយស្នាដៃកូនខ្មែរ ឲ្យមានគេស្គាល់កាន់តែច្រើន និងជាការលើកទឹកចិត្តដើម្បីឲ្យកូនខ្មែរបង្កើត និងផលិតយីហោជារបស់ខ្លួនកាន់តែច្រើនជាងនេះ។
ចំណែក ឈូឈូ តារាសម្តែងដ៏មានប្រជាប្រិយភាព ដែលទើបធ្វើពិធីខួបកំណើតយ៉ាងធំដុំកាលពីប៉ុន្មានថ្ងៃមុន ក៏លើកឡើងស្រដៀងគ្នាថា កញ្ញាជាអ្នកចូលចិត្តម្ជូរខ្លាំង ហើយអ្វីដែលកញ្ញាចាប់អារម្មណ៍បំផុតពីហាងដែលបង្កើតដោយកូនខ្មែរនេះ គឺអំបិលជាង៣០មុខដែលមានរសជាតិខុសគ្នាៗ។
ស្នាដៃខ្មែរម្ជូរឆ្ងាញ់ សៀមរាប ជាអាជីវកម្មបង្កើតដោយកូនខ្មែរសុទ្ធសាធ គឺអ្នកស្រី ពៅ ធីតា និងមានឈ្មោះបោះសម្លេងយូរមកហើយ នៅទឹកដីខេត្ត សៀមរាប ដោយទទួលការគាំទ្រខ្លាំងទាំងភ្ញៀវជាតិ និងអន្តរ ថែមទាំងមានអ្នកទិញវិចខ្ចប់យកទៅបរទេសទៀតផង។
ក្នុងថ្ងៃបើកដំណើរការសាខាដំបូងគេក្នុងរាជធានីភ្នំពេញ ស្នាដៃខ្មែរម្ជូរឆ្ងាញ់ សៀមរាប សាខាផ្លូវសុធារស អ្នកស្រី ពៅ ធីតា ឲ្យដឹងថា អាជីវកម្មនេះអ្នកស្រីបង្កើតឡើង១២ឆ្នាំហើយ។
ដោយមានទស្សនវិស័យដូចគ្នា អ្នកស្រី សារ៉េត បានទិញកញ្ចប់អាជីវកម្ម (Franchise) មកបើកនៅរាជធានីភ្នំពេញ និងបានសម្តែងក្តីពេញចិត្តជាខ្លាំងក្នុងការជ្រើសរើសរបរដែលបង្កើតឡើងដោយសា្នដៃកូនខ្មែរ ក្នុងចេតនាគាំទ្រ និងជម្រុញផលិតរបស់ខ្មែរឲ្យចរាចរលើទីផ្សារ។
ក្នុងថ្ងៃដដែរនេះ គេឃើញតារាសម្តែងវ័យក្មេងទាំង២រូប បាននាំគ្នាឡាយវីដេអូខណៈកំពុងញ៉ាំម្ជូរ ធ្វើឲ្យរំជួលអស់ចិត្តអ្នកគាំទ្រដែលចូលមើល។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច