ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥

ប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន មានសុខភាពល្អ និងលើកឡើងពីគុណសម្បត្តិរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលតែងហ៊ានចេញមុខការពារកម្ពុជាលើបញ្ហា EBA

១៣ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

នៅថ្ងៃទី១២ ខែវិច្ឆិកានេះ គឺចូលដល់ថ្ងៃទី១០ហើយ បើរាប់ពីថ្ងៃ ដែលឯកឧត្តម ប្រាក់ សុខុន  រដ្ឋមន្ត្រីការបរទេស បានទទួលជួបប្រាស្រ័យការងារ ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Péter Szijjártó ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ក្នុងពេលកំពុងធ្វើចត្តាឡីស័កតាមវិធានការសុខាភិបាល ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់តាមហ្វេសប៊ុក នៅថ្ងៃនេះថា ឯកឧត្តម និងក្រុមគ្រួសារ មានសុខភាពជាធម្មតាទេ។ ឯកឧត្តមប្រមុខការទូតកម្ពុជា ក៏បានលើកបង្ហាញពីគុណសម្បត្តិរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលតែងហ៊ានចេញមុខការពារកម្ពុជា លើបញ្ហា EBA នៅសហភាពអឺរ៉ុប។

 

 

ក្នុងសារលើហ្វេសប៊ុក នៅព្រឹកថ្ងៃទី១២វិច្ឆិកានេះ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា ក្រុមគ្រួសាររបស់ឯកឧត្តម អ្នកធ្វើការនៅក្នុងផ្ទះ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ និងរូបឯកឧត្តមផ្ទាល់ បានធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន ២ដងហើយ ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា ព្រមទាំងមានសុខភាពល្អជាធម្មតា។ 

ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងនូវការសួរសុខទុកពីមិត្តភក្តិ ចំពោះសុខភាពឯកឧត្តម ព្រមទាំងលើកបង្ហាញពីកិច្ចការប្រចាំថ្ងៃរបស់ឯកឧត្តម ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក នៅផ្ទះ ដែលឯកឧត្តម នៅរក្សាទម្លាប់ប្រចាំថ្ងៃដដែល គឺក្រោកហាត់ប្រាណ ពេលព្រឹកព្រលឹម មុនទទួលទានអាហារ និងចូលបន្ទប់ធ្វើការក្នុងផ្ទះ ដូចកាលមិនទាន់មានករណីព្រឹត្តិការណ៍ ថ្ងៃ៣វិច្ឆិកា។

 


ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ថា កំដៅក្នុងខ្លួន ធម្មតា បាយក៏បាន សម្រាន្តក៏ស្រួល។ ឯកឧត្តម ក៏ខ្លាចតែឡើងគីឡូទៅវិញទេ។ អំឡុងធ្វើចត្តាឡីស័ក នៅផ្ទះនេះ ឯកឧត្តម ប្រាក់ សុខុន ក៏បានទាក់ទងធ្វើការងារនៅក្រសួងការបរទេស តាមប្រព័ន្ធបច្ចេកវិទ្យា។ 


ឯកឧត្តម ក៏លើកឡើងនូវការជួបសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលបញ្ជាក់អះអាងសាជាថ្មីថា ពេលលោក បានធ្វើតេស្ត មុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះ គឺអវិជ្ជមាន។ ប្រពន្ធ និងកូនលោក ក៏ដូចជាសមាជិកគណៈប្រតិភូរបស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ ទាំងអស់ រហូតដល់ថ្ងៃនេះ។

 


ដល់ត្រង់នេះ ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ថា «រូបលោក Péter Szijjártó ត្រូវបានផ្សព្វផ្សាយយ៉ាងល្បីល្បាញ ក្នុងបណ្តាញសង្គមនៅកម្ពុជា។ មានការធ្វើអត្ថាធិប្បាយបែបចំរុះ ស្តីពី ដំណើរទស្សនកិច្ចរបស់គាត់មកភ្នំពេញ។ យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចទេថា លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយ ដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។ គាត់គឺជាអ្នកក្រោកឡើង បន្លឺសំលេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធ ក្រោមក្របខ័ណ្ឌ EBA ២០% ពីកម្ពុជា។

 


ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បញញ្ជាក់បន្ថែមថា «ឧប្បត្តិហេតុនៃការចម្លង Covid-19នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ»៕ 

 

អត្ថបទ និងរូបភាព៖ ក្រុមការងារព័ត៌មាន PNN
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025