ថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥

Johnny Depp របួតតំណែងពីភាពយន្ត “Fantastic Beasts” ក្រោយចាញ់ក្ដីរឿងវាយប្រពន្ធ

០៩ ​វិច្ឆិកា ២០២០ | កម្សាន្ដ

បន្ទាប់ពីចាញ់ក្ដីពាក់ព័ន្ធរឿងប្រើអំពើហិង្សាលើអតីតភរិយា តារាល្បីហូលីវូដ Johnny Depp (ចននី ឌិប) ក៏បានរបួតតំណែងក្នុងសែស្រឡាយភាពយន្ត “Fantastic Beasts” (ហ្វេនថាសស្ទីក ប៊ីស) ដោយតួអង្គរបស់លោកនឹងមានតារាសម្ដែងថ្មីកាន់កាប់ជំនួសវិញ។

 


កាលពីចុងសប្ដាហ៍កន្លងទៅនេះ តារាសម្ដែង Johnny Depp (ចននី ឌិប) បានប្រកាសដើរចេញពីសែស្រឡាយភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រ “Fantastic Beasts” (ហ្វានតាស្ទីកប៊ីស) ក្រោយពីរូបលោកបានចាញ់ក្ដីតទល់នឹងកាសែតអង់គ្លេសមួយដែលបានហៅលោកថាជា ប្ដីប្រើហិង្សាដាក់ប្រពន្ធ។

 


តារាសម្ដែងសញ្ជាតិអាមេរិករូបនេះបាននិយាយតាមរយៈគណនី Instagram របស់ខ្លួនថា ផលិតកម្មភាពយន្ត Warner Bros (វ៉ននើប្រាឌើ) បានសុំឲ្យលោកដើរចេញពីការដើរតួជាតួអង្គចិត្តអាក្រក់ឈ្មោះ Gellert Grindelwald (ហ្គេលឡឺត ហ្គ្រីនដេលវ៉ល) ហើយលោកក៏បានយល់ព្រមតាមការស្នើសុំនេះផងដែរ។

 


ដោយឡែកខាងផលិតកម្ម Warner Brothers បានប្រកាសផងដែរថាលោក Johnny Depp (ចននី ឌិប) នឹងចាកចេញពីសែស្រឡាយភាពយន្តនេះហើយតួអង្គរបស់លោកនឹងត្រូវធ្វើការជ្រើសរើសតារាសម្ដែងថ្មីមកដើរតួជំនួស។ 

 

 

តួបញ្ជាក់ថាភាពយន្ត “Fantastic Beasts” វគ្គទីបីដែលជាស្នាដៃរបស់អ្នកនិពន្ធរឿង “Harry Potter” អ្នកស្រី J. K. Rowling បានបន្តការថតឡើងវិញកាលពីថ្មីៗនេះ ដែលរំពឹងថានឹងអាចចាក់បញ្ចាំងនៅតាមរោងភាពយន្តនៅក្នុងឆ្នាំ ២០២២ ខាងមុខ ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025