ថ្ងៃអង្គារ៍ ទី០៧ ខែតុលា ឆ្នាំ២០២៥

អ្នកហែលទឹកជនជាតិបារាំងគ្រោងនឹងហែលកាត់សមុទ្រអាត្លង់ទិកសម្រាប់ការអភិរក្សមហាសមុទ្រ

០៦ តុលា ២០២៥ | កម្សាន្ដ

អ្នកហែលទឹកជនជាតិបារាំងមួយគូបានបញ្ចប់ការហ្វឹកហាត់ហែលទឹកដើម្បីត្រៀមខ្លួនសម្រាប់ការ ហែលឆ្លងកាត់សមុទ្រអាត្លង់ទិកក្នុងបំណងផ្សព្វផ្សាយចំណេះដឹងអំពីមហាសមុទ្រ។

 


អ្នកហែលទឹកជនជាតិបារាំងមួយគូគឺលោក ម៉ាសៀវ វីតវ៉ូអេត (Matthieu Witvoet) និងនាង ក្លូ ឡេជើ វីតវ៉ូអេត (Chloe Leger Witvoet) ទើបបានបញ្ចប់ការហ្វឹកហ្វឺនយ៉ាងម៉ត់ចត់រយៈពេលពីរឆ្នាំនៅសមុទ្រមេឌីទែរ៉ាណេដើម្បីត្រៀមខ្លួនសម្រាប់ការហែលទឹកបំបែកឯតទគ្គកម្មពិភពលោកឆ្លងមហាសមុទ្រអាត្លង់ទិកក្នុងបំណងលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សមហាសមុទ្រ។

 


គូស្នេហ៍ដែលហៅខ្លួនឯងថាជាអ្នកផ្សងព្រេងអេកូមួយគូនេះបានហែលទឹកពីកំពង់ផែក្រុងម៉ាសីប្រទេសបារាំងកាលពីថ្ងៃទី២១ ខែកញ្ញាឆ្ពោះទៅទីក្រុងខេបវើដជាទីដែលពួកគេនឹងចាប់ផ្តើមហែលទឹកនៅថ្ងៃទី១ ខែវិច្ឆិកាដោយពួកគេរំពឹងថានឹងឆ្លងកាត់សមុទ្រអាត្លង់ទិកចម្ងាយជិត៤ពាន់គីឡូម៉ែត្រទៅកាន់កោះហ្កាដេលូប (Guadeloupe) នៅសមុទ្រខារីប៊ីនរបស់ប្រទេសបារាំង។

 


លោក Matthieu បាននិយាយថា គំនិតរបស់ពួកគេគឺត្រូវពាក់វ៉ែនតាហែលទឹក និងកាន់កាមេរ៉ាដើម្បីបានឃើញទិដ្ឋភាពក្នុងទឹកថាតើវាអស្ចារ្យប៉ុនណា ហើយថាតើពួកគេមានភាពសប្បាយរីករាយប៉ុនណា និងដើម្បីឱ្យមនុស្សផ្សេងទៀតបានឃើញពីភាពអស្ចារ្យ និងមានបំណងប្រាថ្នាពិតប្រាកដមួយសម្រាប់មហាសមុទ្រដែលបង្កប់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។

 


ដោយធ្វើការហែលទឹកឆ្លាស់វេនគ្នារាល់ប្រាំមួយម៉ោងម្ដងក្នុងមួយថ្ងៃ គូស្នេហ៍ទាំងពីរនេះនឹងព្យាយាមបង្កើតកំណត់ត្រាថ្មីសម្រាប់ការហែលទឹកបណ្ដាក់គ្នាដ៏ឆ្ងាយជាងគេបំផុតនៅលើពិភពលោក និងការ    ហែលឆ្លងមហាសមុទ្រឆ្ងាយបំផុតសម្រាប់ស្ត្រីដោយមានការបណ្ដែកទូកតាមពួកគេសម្រាប់សម្រាកនៅពេលរាត្រីនៅលើសមុទ្រ៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025