ថ្ងៃអង្គារ៍ ទី០៧ ខែតុលា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៧ ខែតុលា ឆ្នាំ២០២៥
គំនូរមួយផ្ទាំងដែលទើបតែបង្ហាញមុខជាថ្មីនឹងត្រូវដាក់លក់ដេញថ្លែងនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងនៅខែក្រោយនេះដោយគេរំពឹងថានឹងអាចលក់បានក្នុងតម្លៃរាប់លានដុល្លារនៅពេលនោះ។
គំនូរមួយផ្ទាំងដែលគូរដោយវិចិត្រករជនជាតិអេស្ប៉ាញដ៏ល្បីល្បាញគឺលោក ប៉ាប្លូ ពីកាសូ (Pablo Picasso) បានបង្ហាញខ្លួនជាថ្មីកាលពីពេលថ្មីៗនេះក្រោយពីបានបាត់ខ្លួនតាំងពីពេលជាង៨០ឆ្នាំមុនមកម្ល៉េះ ខណៈគេកំពុងត្រៀមយកគំនូរនេះទៅលក់ដេញថ្លៃនៅទីក្រុងប៉ារីសប្រទេសបារាំងនៅថ្ងៃទី២៤ ខែតុលាដោយគេរំពឹងថានឹងអាចលក់បានក្នុងតម្លៃជាង៩លានដុល្លារ។
គំនូរដែលគូរនៅឆ្នាំ១៩៤៣នេះបានបង្ហាញអំពីស្ត្រីម្នាក់ពាក់មួកមានកម្រងផ្កាឈ្មោះ ដូរ៉ា ម៉ា (Dora Maar) ហើយផ្ទាំងគំនូរនេះត្រូវបានទិញដោយគ្រួសារជនជាតិបារាំងមួយក្នុងឆ្នាំ១៩៤៤ ហើយបានរក្សាទុកនៅក្នុងបណ្ណសារឯកជនរបស់ពួកគេអស់ពេលជាច្រើនទសវត្សរ៍។
អ្នករៀបចំការដេញថ្លៃនាង អាញ៉េស សេវេស្ទើ បាប (Agnes Sevestre-Barbe) បាននិយាយថា កាលពីមុន ផ្ទាំងគំនូរនេះមានពណ៌ស-ខ្មៅដែលពណ៌នាអំពីស្នាដៃរបស់លោក ពីកាសូ ដែលត្រូវបានបោះពុម្ពនៅក្នុងកាតាឡុកហ្សើវ៉ូស (Zervos) ពោលគឺគំនូរនេះមិនដែលឃើញមានលាពពណ៌ជាថ្មីនៅខាងក្រៅគ្រួសារជនជាតិបារាំងនេះឡើយ។
អ្នករៀបចំដេញថ្លៃម្នាក់ទៀតលោក គ្រីស្តូប លូសៀន (Christophe Lucien) បាននិយាយថា វាមិនធម្មតាទេដែលបានឃើញផ្ទាំងគំនូរក្នុងស្ថានភាពល្អបែបនេះព្រោះវានៅតែស្ថិតក្នុងសភាពដើម មិនដែលត្រូវបានលាបពណ៌ ជួសជុល ឬធ្វើស៊ុមអ្វីឡើយ។
គំនូរនេះត្រូវគេជឿថាជារូបរបស់អ្នកថតរូបជនជាតិបារាំងគឺនាង Dora Maar ដែលជាដៃគូរបស់លោក Picasso ដែលក្រោយមកលោកបានទៅចាប់ដៃគូជាមួយនឹងវិចិត្រការិនីនាងហ្វ្រង់ស្វ័រ ហ្គីឡត (Francoise Gilot)៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន