ថ្ងៃអង្គារ៍ ទី០៧ ខែតុលា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៧ ខែតុលា ឆ្នាំ២០២៥
បន្ទាប់ពីធ្វើដំណើរផ្សងព្រេងកាត់ទឹកកាត់ព្រៃជាមួយគ្នាក្នុងរឿង “Jungle Cruise” នៅពេលនេះតារាសម្ដែងសាច់ដុំ Dwayne Johnson ឬ The Rock និងតារាស្រី Emily Blunt បានមកជួបគ្នាម្ដងទៀតក្នុងភាពយន្តបែបខ្សែជីវិតពិតរឿង “The Smashing Machine”។
ដាក់ចំណងជើងតាមភាពយន្តឯកសារស្ដីពីខ្សែជីវិតកីឡាករប្រដាល់ Mark Kerr របស់ប៉ុស្តិ៍ HBO ភាពយន្តថ្មីនេះបង្ហាញពីចំណោទបញ្ហាដែលកើតឡើងពីការញៀនថ្នាំបំបាត់ការឈឺចាប់ និងទំនាក់ទំនងដ៏តឹងតែងរបស់អ្នកប្រដាល់ល្បីឈ្មោះរូបនេះជាមួយមិត្តស្រីរបស់លោកឈ្មោះ Dawn Staples ដែលក្នុងរឿងគឺសម្តែងដោយតារាស្រី Emily Blunt ព្រមជាមួយឈុតឆាកប្រកួតក្បាច់គុនចម្រុះ។
និយាយអំពីខ្សែភាពយន្តនេះ ម្ចាស់សាច់រឿងគឺអ្នកប្រដាល់ Kerr លើកឡើងថា ខ្សែភាពយន្តនេះគឺ "មិនមែននិយាយអំពីសិល្បៈក្បាច់គុនចម្រុះនោះទេ ប៉ុន្តែវានិយាយអំពីស្ថានភាពនិងបទពិសោធន៍ជីវិតរបស់មនុស្សដែលត្រូវឆ្លងកាត់ទាំងល្អ អាក្រក់ និងខុសៗគ្នា"។
ភាពយន្តនេះគឺជាស្នាដៃដឹកនាំដោយតារាសម្តែងនិងអ្នកដឹកនាំរឿង Benny Safdie។ តាមរយៈភាពយន្តថ្មីនេះក៏បានធ្វើឱ្យលោក Benny Safdie បានឈ្នះពានរង្វាន់អ្នកដឹកនាំឆ្នើមពីកម្មវិធីមហោស្រពភាពយន្តទីក្រុង Venice នៅប្រទេសអ៊ីតាលីកាលពីខែមុនផងដែរ។ភាពយន្ត 'The Smashing Machine' នឹងចេញបញ្ចាំងនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន