ថ្ងៃអង្គារ៍ ទី០៧ ខែតុលា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៧ ខែតុលា ឆ្នាំ២០២៥
កំពូលតារាចម្រៀងព័រតូរីកូ Bad Bunny នឹងក្លាយជាសិល្បករនាំមុខសម្រាប់ការសម្ដែងនៅពាក់កណ្តាលការប្រកួតបាល់ឱប Super Bowl ឆ្នាំ២០២៦។សម្ព័ន្ធបាល់ឱបអាមេរិក NFL បានឱ្យដឹងកាលពីពេលថ្មីៗថាតារាចម្រៀងព័រតូរីកូ Bad Bunny នឹងក្លាយជាសិល្បករនាំមុខសម្រាប់ការសម្ដែងនៅពាក់កណ្តាលការប្រកួតបាល់ឱប Super Bowl ឆ្នាំក្រោយនេះ។
តារាចម្រៀងឈ្នះពានរង្វាន់ Grammy ចំនួនបី និងមានបទល្បីខ្ទង់ពាន់លាន View ជាច្រើន រូបនេះ បានចែករំលែកតាមរយៈគណនី X របស់ខ្លួនដោយបានសរសេរថា "ខ្ញុំបានគិតប៉ុន្មានថ្ងៃហើយ ហើយបន្ទាប់ពីពិភាក្សាជាមួយក្រុមការងារ ខ្ញុំគិតថាខ្ញុំនឹងធ្វើការប្រគំតន្ត្រីតែមួយថ្ងៃទេនៅសហរដ្ឋអាមេរិក" ដោយសំដៅទៅលើកម្មវិធី Super Bowl ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅទីក្រុង Santa Clara រដ្ឋកាលីហ្វ័រញ៉ា។
គួរបញ្ជាក់ថា ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ ២០២៥ របស់ Bad Bunny គ្រោងនឹងចាប់ផ្តើមនៅខែវិច្ឆិកា និងបញ្ចប់ក្នុងរដូវក្តៅឆ្នាំ ២០២៦។ ក្នុងបទសម្ភាសន៍ថ្មីៗនេះ តារាវ័យ ៣១ឆ្នាំរូបនេះនិយាយថា លោកបានសម្រេចចិត្តគេចពីសហរដ្ឋអាមេរិក ដោយសារតែមានការព្រួយបារម្ភពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគយ ដែលអាចនឹងមានការវាយឆ្មក់នៅឯការប្រគំតន្ត្រីរបស់លោក។
កាលពីដើមខែកញ្ញា Bad Bunny ដែលមានឈ្មោះកំណើត Martinez Ocasio បានបញ្ចប់ការសម្ដែងនៅទឹកដីកំណើតរបស់លោកគឺ Puerto Rico ដែលទាក់ទាញអ្នកគាំទ្រជាងកន្លះលាននាក់។ កោះនេះជាទឹកដីអាមេរិកមួយដែលអនុវត្តការគ្រប់គ្រងផ្ទៃក្នុងឯករាជ្យច្រើន។
Bad Bunny បានប្រើវេទិកា និងបទចម្រៀងរបស់លោកនិយាយពីបញ្ហានយោបាយដូចជា ការភៀសខ្លួន អាណានិគមនិយមរបស់សហរដ្ឋអាមេរិក ការបង្រួបបង្រួម ការរើសអើងជាតិសាសន៍ និងអន្តោប្រវេសន៍ ដោយតែងតែផ្សព្វផ្សាយនូវអត្តសញ្ញាណ និងវប្បធម៌នៃស្រុកកំណើតរបស់ខ្លួន។
តាមរយៈការសម្ដែងនៅឆ្នាំក្រោយ តារាចម្រៀងព័រតូរីកូរូបនេះនឹងស្ថិតក្នុងបញ្ជីសិល្បករឡាទីនល្បីៗដែលបានសម្តែងនៅ Super Bowl ដូចជាតារាចម្រៀងកូឡុំប៊ី Shakira និង Jennifer Lopez ៕
ប្រែសម្រួល៖ វ៉ាន់ថន