ថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥
តារាល្បីៗជាច្រើនដូចជា Lana Del Rey និងសមាជិកក្រុមខេប៉ុប IVE និង TXT បានទាក់ទាញអ្នកគាំទ្រច្រើនកុះករពេលចូលរួមកម្មវិធី Paris Fashion Week កាលពីថ្ងៃអាទិត្យ។
កម្មវិធីបង្ហាញម៉ូដ Collection រដូវផ្ការីកនិងរដូវក្ដៅឆ្នាំ ២០២៦ របស់ម៉ាកសម្លៀកបំពាក់ល្បីពីប្រទេសអ៊ីតាលី Valentino នៅក្នុងកំលុងព្រឹត្តិការណ៍សប្ដាហ៍ម៉ូដ Paris Fashion Week កាលពីថ្ងៃទី ៥ ខែតុលា បានប្រមូលផ្ដុំដោយវត្តមានតារាល្បីៗអន្តរជាតិជាច្រើនទាំងពីវិស័យតន្ត្រី និងវិស័យភាពយន្ត។
អ្នកគាំទ្រយ៉ាងច្រើនកុះករបានរង់ចាំជាច្រើនម៉ោងនៅបរិវេណខាងក្រៅនៃទីកន្លែងបង្ហាញម៉ូដ គឺវិទ្យាស្ថានវប្បធម៌ Arab World ដើម្បីបានឃើញការាមកដល់របស់តារាល្បីៗក្នុងដួងចិត្តដែលចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដដ៏ធំមួយនេះ។
វត្តមានបុគ្គលល្បីៗជាច្រើនដែលបានចូលរួមនៅថ្ងៃនោះរួមមានតារាចម្រៀងកំពូលមនោសញ្ចេតនា Lana Del Rey, តារាចម្រៀងខេប៉ុបដូចជា Soobin ពីក្រុម Tomorrow X Together និង Rei និង Liz ពីក្រុម IVE ព្រមទាំងតារាសម្ដែងអន្តរជាតិជាច្រើនទៀតដូចជា Colman Domingo, Meghann Fahy, Joseph Quinn, Jeff Satur និង Freen Sarocha ។
តារាល្បីភាគច្រើនបានឆ្លៀតពេលខ្លីៗ ដើម្បីថតរូប និងស្វាគមន៍អ្នកគាំទ្រ មុនពេលចូលទៅកាន់ទីកន្លែង ដើម្បីទស្សនាការបង្ហាញម៉ូដសម្លៀកបំពាក់រដូវផ្ការីកនិងរដូវក្ដៅឆ្នាំ២០២៦ ដែលរៀបចំឡើងដោយនាយកប្រឌិតរបស់ Valintion គឺលោក Alessandro Michele។ គួររំឭកថា លោក Alessandro Michele គឺជាអតីតអ្នកច្នៃម៉ូដរបស់ម៉ាក Gucci និងបានផ្លាស់មកទទួលតំណែងនាយកច្នៃប្រឌិតរបស់ Valentino កាលពីខែមីនា ឆ្នាំ២០២៤។
កម្មវិធី Paris Fashion Week នឹងដំណើរការរហូតដល់ថ្ងៃទី ៧ ខែតុលា ដោយនៅមានការបង្ហាញម៉ូដធំៗមួយចំនួនទៀតដូចជាកម្មវិធីរបស់ម៉ាក Chanel កម្មវិធីរបស់ម៉ាក Balenciaga និងកម្មវិធីរបស់ម៉ាក Loewe ជាដើម ៕
ប្រែសម្រួល៖ វ៉ាន់ថន