ថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥
របាំនាគភ្លើងដែលមានមនុស្សចូលរួមសម្ដែងជាង ៣០០នាក់បានបង្កភាពរីករាយនៅក្រុងហុងកុងមុនពិធីបុណ្យសែនព្រះខែ ខណៈត្រូវបានគេជឿថាជាពិធីដេញគ្រោះចង្រៃ។
មនុស្សម្នារាប់ពាន់នាក់បានប្រមូលផ្តុំគ្នាតាមដងផ្លូវតូចចង្អៀតនៃសង្កាត់ Tai Hang នៃទីក្រុងហុងកុងកាលពីយប់ថ្ងៃអាទិត្យ ទី៥ ខែតុលា ដើម្បីទស្សនាការរាំរបាំនាគភ្លើងដែលមានអាយុកាលរាប់សតវត្ស ជាទស្សនីយភាពដ៏អស្ចារ្យដែលបានបំភ្លឺទីក្រុងនៅមុនពិធីបុណ្យសែនព្រះខែចូលមកដល់។
មានអាយុកាលជាង ១៤០ ឆ្នាំមកហើយ ការរាំរបាំបែបប្រពៃណីនេះមានអ្នកចូលរួមសម្ដែងជាង ៣០០ នាក់ ដើរដង្ហែនាគប្រវែង ៦៧ ម៉ែត្រឆ្លងកាត់ផ្លូវដែលមានមនុស្សកកកុញ។ រូបតំណាងនាគដែលប្រកបដោយធូបអុជភ្លើងរាប់ម៉ឺនដើម បានឈ្មួសឈ្មុលឆ្លងកាត់ហ្វូងមនុស្សកំពុងអបអរ ខណៈអ្នកទស្សនាជាច្រើនបានលើកទូរសព្ទដើម្បីថតទិដ្ឋភាពនេះ។
ក្នុងអំឡុងពេលដើរឆ្លងកាត់ អ្នកសម្ដែងបានដកអុចធូបដែលអុជបានពាក់កណ្តាលពីនាគ ហើយប្រគល់ឱ្យអ្នកទស្សនា ជានិមិត្ដរូបដើម្បីនាំមកនូវសំណាងល្អ ពរជ័យ និងសុខភាពល្អសម្រាប់ឆ្នាំខាងមុខ។
របាំនាគភ្លើងត្រូវបានគេជឿថាជាពិធីបណ្តេញគ្រោះកាចនៅតំបន់ Tai Hang ក្នុងចុងសតវត្សទី១៩។ ក្នុងឆ្នាំ ២០១១ របាំនេះត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសចិន។
ការប្រារព្ធពិធីនេះមានរយៈពេលបីយប់ រួមទាំងយប់នៃពិធីបុណ្យសែនព្រះខែនៅថ្ងៃទី៦ ខែតុលានេះ និងបន្តរហូតដល់ថ្ងៃអង្គារ ទី៧ ខែតុលា ៕
ប្រែសម្រួល៖ វ៉ាន់ថន