ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

«អាណាចក្រ» សិល្បៈបែបបង្គុំ ឆ្លុះបញ្ចាំងភាពមហិមា និងផលប៉ះពាល់នៃសត្វកណ្តៀរដែលកើតមានជាចរន្ត

១៤ កញ្ញា ២០២០ | កម្សាន្ដ

ពិព័រណ៌ស្នាដៃសិល្បៈខ្នាតធំ ជាប្រភេទសិល្បៈបែបបង្គុំរបស់ សិល្បករ អេង រិទ្ធច័ន្ទដាណែត ឈ្មោះថា «អាណាចក្រ» ដែលឆ្លុះបញ្ចាំងភាពមហិមា និងផលប៉ះពាល់នៃសត្វកណ្តៀរដែលកើតមានជាចរន្ត កំពុងបើកជាសាធារណៈឲ្យមហាជនចូលទស្សនាដោយស៊េរី រយៈពេល២ខែ។

 


សិល្បករ អេង រិទ្ធច័ន្ទដាណែត កាលពីពេលថ្មីៗនេះទើបសម្ភោធបើកពិព័រណ៌ថ្មីមួយឈ្មោះថា «អាណាចក្រ» ជាស្នាដៃសិល្បៈខ្នាតធំ ប្រភេទសិល្បៈបែបបង្គុំ។
តាមការឲ្យដឹងពីសិល្បករវ័យក្មេងរូបនេះ «អាណាច្រក» ជាស្នាដៃចុងក្រោយបំផុតរបស់ខ្លួន ដែលកំពុងតាំងបង្ហាញជាសាធារណៈដល់មហាជននៅ សាលពិព័រណ៌ គម្រោងសិល្បៈស-ស។

 


«អាណាចក្រ» ឬ «Colony» ដែលកំពុងបង្ហាញភាពមហិមាពាសពេញសាលពិព័រណ៌នៅពេលនេះ គឺជាស្នាដៃបង្គុំដ៏ធំមួយ ផ្គុំឡើងពីក្រដាសកាសែតជាខ្មុកក្រដាស កាវ និងសំណាញ់ សូនឲ្យចេញជារូបរាងសំបុកសត្វកណ្តៀរ។ 

 


ស្នាដៃនេះឆ្លុះបញ្ចាំងឲ្យឃើញពីមហិច្ឆិតា អំណាច និងភាពមហិមារបស់សត្វកណ្តៀរ ដែលជាប្រភេទសត្វល្អិតតូចៗ តែងតោងទុំលើជញ្ចាំង សសរ និងវត្ថុនានាជាដើម ដែលកើតពីបណ្តុំតូច ហើយរីករាលដាលធំៗទៅជាលំដាប់ ដូចទៅវដ្តនៃការរស់នៅរបស់មនុស្សជាតិក្នុងសង្គមសព្វថ្ងៃ។

 


ផ្តល់កិច្ចសម្ភាសន៍ជាមួយភីអិនអិន ដាណែត ថា៖ ការជ្រើសបង្កើតស្នាដៃនេះឡើង ដោយសារពេលកន្លងមកខ្លួនបានសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅលើប្រធានបទសត្វកណ្តៀរ និងវដ្តនៃការរស់នៅរបស់វាយ៉ាងលម្អិត ដូច្នេះហើយទើបសង្កេតឃើញថា វដ្តការរស់នៅរបស់សត្វប្រភេទនេះមានទម្រង់ស្រដៀងគ្នានិងវដ្តរស់នៅរបស់មនុស្សក្នុងសង្គមដែលកំពុងរស់នៅប្រាស្រ័យទាក់ទងគ្នាជាបណ្តាញ។

 


លើសពីនេះ នៅមានចំនុចសំខាន់ផ្សេងទៀតផងដែរ ដែលសិល្បករវ័យក្មេងរូបនេះចង់ផ្តល់ឲ្យមហាជនពេលចូលមកទស្សនាស្នាដៃនេះផ្ទាល់។

 


គួររំលឹកថា នេះជាសមិត្ថផលស្នាដៃថ្មីមួយទៀតរបស់សិល្បករ អេង រិទ្ធច័ន្ទដាណែត ក្នុងចំណោមស្នាដៃធំៗជាច្រើនដែលបានបង្កើតឡើងកាលពីពេលកន្លងទៅ។ 
យ៉ាងណាមិញ ក្រោយស្នាដៃនេះបញ្ចប់ការតាំងនៅសាល គម្រោងសិល្បៈ ស-ស គេមិនទាន់ដឹងថា នឹងមានការតាំងបន្តនៅទីណា នៅពេលណាទៀតនោះទេ។ នេះបើតាមការបញ្ជាក់របស់ ដាណែត ម្ចាស់ស្នាដៃ «អាណាចក្រ»។

 


សាធារណៈជនអាចចូលរួមទស្សនាពិព័រណ៌ស្នាដៃ «អាណាចក្រ» ឬ «Colony» របស់សិល្បករ អេង រិទ្ធច័ន្ទដាណែត ដោយស៊េរីនៅសាលពិព័រណ៌គម្រោងសិល្បៈស-សរ ដែលមានទីតាំងស្ថិតនៅផ្លូវ៣៥០ ម្តុំសារៈមន្ទីរទួលស្លែង រៀងរាល់ថ្ងៃ ពុធ ព្រហ សុក្រ រៀងរាល់ម៉ោងធ្វើការ។

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា  រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024