ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ជប៉ុន បន្តគាំទ្រលើគម្រោងធ្វើឲ្យប្រសើរឡើងវិស័យភស្តុភារកម្ម និងដឹកជញ្ជូននៅកម្ពុជា

១១ កញ្ញា ២០២០ | ព័ត៌មានជាតិ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបង្ហាញការគាំទ្រលើគម្រោងធ្វើឲ្យប្រសើរឡើងវិស័យភស្តុភារកម្ម និងដឹកជញ្ជូននៅកម្ពុជា ជាពិសេសការធ្វើឲ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិនានាជាមួយប្រទេសជិតខាង ដើម្បីលើកកម្ពស់ឧត្ដមប្រយោជន៍សេដ្ឋកិច្ចជាតិ។

 


ការបង្ហាញការគាំទ្ររបស់ភាគីជប៉ុននេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា (ដំណាក់កាលទី២) កាលពីថ្ងៃទី០៩ ខែកញ្ញា នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

 


ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្នែករឹង និងផ្នែកទន់ និងការធ្វើឲ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិ ក៏ដូចជាការបើកច្រកទ្វារអន្តរជាតិថ្មីជាមួយប្រទេសជិតខាង គឺជាកម្លាំងចលករលើកកម្ពស់វិស័យភស្តុភារកម្មដែលអាចប្រកួតប្រជែងបានជាមួយប្រទេសក្នុងតំបន់។

 


ជាមួយគ្នានោះ ឯកឧត្ដមបានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀង ដោយកម្ពុជាបានស្នើភាគីថៃដាក់ឱ្យដំណើរការបណ្ដោះអាសន្ន ពោលគឺបើកឱ្យរថយន្តដឹកទំនិញ (កុងទីន័រ) ចេញចូលតាមច្រកស្ទឹងបត់ ចំណែកការបំពេញបែបបទឯកសារត្រូវធ្វើនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

 


បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកត្តាផ្សេងៗ ដែលចាំបាច់សម្រាប់ទ្រទ្រង់គម្រោងនេះ រួមមានបទដ្ឋានគតិយុត្តិ ប្រភពហិរញ្ញប្បទាន និងការចូលរួមពីវិស័យឯកជន ព្រមទាំងការបង្កើតនូវមជ្ឈមណ្ឌលទិន្នន័យភស្តុភារកម្ម ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា ដើម្បីជួយសម្រួលដល់ដំណើរការឯកសារផងដែរ៕

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ សុខ ពិសិដ្ឋ    
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024