ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ការកែលម្អផ្លូវជនបទ ពីផ្លូវគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ កំពុងអនុវត្តក្នុងខេត្តគោលដៅសំខាន់ៗទូទាំងប្រទេស

១៨ មករា ២០២១ | ព័ត៌មានជាតិ

​ក្រសួងអភិវឌ្ឍន៍ជនបទ នៅដើមឆ្នាំ២០២១នេះ បានបង្ហាញឲ្យដឹងពីសកម្មភាពស្ថាបនាផ្លូវជនបទក្នុងខេត្តគោលដៅសំខាន់ៗ ទូទាំងប្រទេស។ ក្នុងនោះ ផ្លូវជនបទជាខ្សែត្រូវបានកែលម្អពីផ្លូវគ្រួសក្រហ​មទៅជាផ្លូវក្រាលកៅស៊ូ ដើម្បីឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល និងផ្លូវអាចប្រើប្រាស់បានយូរអង្វែង។

 


គម្រោងកែលម្អផ្លូវជនបទជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ មានរយៈពេល៣០ ខែចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ កំពុងអនុវត្តនៅក្នុងខេត្តគោលដៅចំនួន៦ គឺខេត្តកំពង់ស្ពឺ ៤ខ្សែ ខេត្តកណ្តាល ៣ខ្សែ ខេត្តត្បូងឃ្មុំ ២ខ្សែ ខេត្តព្រៃវែង ១ខ្សែ ខេត្តស្វាយរៀង ចំនួន ១ខ្សែ និងនៅខេត្តកំពង់ឆ្នាំងមានចំនួន ៦ខ្សែ។ នេះបើតាមការឲ្យដឹងក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៤ ខែមករា។

 


ក្រសួងបានបញ្ជាក់ថា គម្រោងជំហានទី២នេះនឹងត្រូវធ្វើការស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងសរុប ១១៩គីឡូម៉ែត្រ និង៤៦៧ម៉ែត្រ ដែលត្រូវបានចែកជាពីរកញ្ចប់ផ្សេងគ្នា រួមមាន៖ កញ្ចប់ទី១ អនុវត្តដោយក្រុមហ៊ុនសៀងហៃ នឹងត្រូវធ្វើការសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងសរុប ៧៩គីឡូម៉ែត្រ និង ១៣៧ម៉ែត្រ នៅក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និង ខេត្តកណ្តាល។ ជាលទ្ធផល មកដល់ពេលនេះ សម្រេចបានប្រមាណ ៤៥ភាគរយ នៃគម្រោង។ 

 


សម្រាប់កញ្ចប់ទី២ អនុវត្តដោយក្រុមហ៊ុនយ៉ូនណាន់ នឹងត្រូវធ្វើការសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងសរុប ៤០គីឡូម៉ែត្រ និង៤១ម៉ែត្រ នៅក្នុងខេត្តត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។ ជាលទ្ធផល មកដល់ពេលនេះ សម្រេចបានជាង ១៥ភាគរយ នៃគម្រោងទាំងមូល។ 


ដោយឡែក នៅខេត្តសៀមរាប មន្ទីរអភិវឌ្ឍនជន៍បទបានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ មន្ទីរមានផែនការសម្រាប់គម្រោងជួសជុល ស្តារឡើងវិញ ថែទាំខួប និងថែទាំជាប្រចាំផ្លូវថ្នល់ជនបទសរុបចំនួន ៣៧៣​​គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។

 


សូមជម្រាបថា ក្រៅពីគម្រោងខាងលើ ធនាគាពិភពលោក កាលពីខែកក្កដា ឆ្នាំ២០២០ បាន​អនុម័តផ្តល់​ឥណទាន ១០០លានដុល្លារអាមេរិក សម្រាប់ជួយ​គាំទ្រគម្រោង​​កែលម្អបណ្តាញផ្លូវគមនាគមន៍នៅប្រទេសកម្ពុជា ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ ខណៈដែលផ្លូវជនបទ​មាន​ជាង​ ៧៥​ភាគរយ​នៃ​បណ្តាញ​ផ្លូវ​សរុប​ទូទាំង​ប្រទេស ប៉ុន្តែ​មានតែ ៥​ភាគរយប៉ុណ្ណោះដែលជាផ្លូវក្រាលកៅស៊ូ៕

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024