ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប កំណត់កាលបរិច្ឆេទបើកការដ្ឋានជាថ្មីនៅថ្ងៃទី៣០ ខែវិច្ឆិកា​ខាងមុខ

១៧ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

ក្រោយ​ពីមាន​ការ​​ពន្យាពេល ដោយសារ​ព្រឹត្តិការណ៍ ៣វិច្ឆិកា គម្រោងស្ថាបនាហេដ្ឋារចនា​សម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ត្រូវបានកំណត់កាលបរិច្ឆេទបើកការដ្ឋានជាថ្មីម្តងទៀត។ ឯកឧត្ដម ស៊ុន ចាន់ថុល បានឲ្យដឹងថា មកដល់ពេលនេះ គ្រឿងចក្រ និងប្រព័ន្ធលូ ត្រូវបានដឹកមករួចរាល់អស់ហើយ ដើម្បីតៀមបើកការដ្ឋាននៅថ្ងៃទី៣០ ខែវិច្ឆិកា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

 

 

ការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប គ្រោងធ្វើនៅថ្ងៃ១៦ ខែវិច្ឆិកានេះ តែ​ត្រូវ​បាន​ប្រកាស​លើកពេល​​ ក្រោយ​មាន​ព្រឹត្តិការណ៍ ៣វិច្ឆិកា ដើម្បី​សុវត្ថិភាព​សាធារណៈ។ ក្រោយ​ពីមាន​ការ​​ពន្យាពេល​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ឯកឧត្តម​ ស៊ុន ចាន់​ថុល បានឲ្យដឹងជាថ្មីថា ផ្លូវ​ទាំង ៣៨ខ្សែនៅក្រុង​សៀមរាប នឹង​បើកការដ្ឋានសាងសង់ផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

 

 

ក្នុង​ពេល​ដឹកនាំគណៈប្រតិភូក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប កាល​ពី​ថ្ងៃអាទិត្យម្សិលមិញ ឯកឧត្ដម ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងចាប់ផ្តើមឈូសឆាយជាបណ្តើរៗហើយ ខណៈមកដល់ពេលនេះគ្រឿងចក្រ និងប្រព័ន្ធលូ ត្រូវ​បា​នដឹកមកដល់ខេត្តសៀមរាបរួចរាល់។

 

 

ឯកឧត្តមបានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ នឹងត្រូវសាងសង់ឡើងដោយអង្គភាព​ចំនួនប្រាំមួយ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិ​ទ្ធ​ភាព ជាមួយនឹងការបញ្ចប់គម្រោងឲ្យបានទាន់ពេលវេលាតាមការគ្រោងទុក។

 

 

បើតាមឯកឧត្តមរដ្ឋមន្ត្រី អង្គភាពដែលទទួលយកការងារសាងសង់ផ្លូវទាំង៣៨ខ្សែនេះរួមមាន៖ កងវិស្វ​កម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុល និងថែទាំផ្លូវ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

 

 

ឯកឧត្តមបានបន្ថែមថា ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជា៤ប្រភេទ ក្នុងនោះ៖ ប្រភេទទី១.ចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ, ប្រភេទទី២. ចាក់បេតុងកម្រាស់ ២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន, ប្រភេទទី៣. ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទី៤. អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។

 

គួរជម្រាបថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប មានប្រវែងសរុប​ ១០០គីឡូម៉ែត្រ ក្នុងកញ្ចប់ថវិកាជាតិសម្រាប់ចំណាយលើការសាងសង់ចំនួន ១៥០លានដុល្លារ។ តាមគម្រោងនឹងត្រូវស្ថាបនាឲ្យបាន​លឿនជាទីបំផុត ដែលគ្រោងបញ្ចប់ឲ្យរួចរាល់ត្រឹម​ឆ្នាំ២០២១៕

 

អត្ថបទ អឿន​ ភារ៉ា រូបភាពផ្តល់ដោយជំនាញ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024