ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥
ទីក្រុងកំពង់ផែនៅខេត្ត Hebei ភាគខាងជើងប្រទេសចិនបានមើលឃើញថាមានការកើនឡើងនូវចំនួនភ្ញៀវទេសចរ ដោយសារការណែនាំអំពីដំណើរទេសចរណ៍ផ្សងព្រេងទាក់ទងនឹងការនេសាទ។
ទីក្រុងកំពង់ផែ Qinhuangdao (ឈីនហ័ងតាវ) ក្នុងខេត្ត Hebei (ហឺប៉ី) ភាគខាងជើងប្រទេសចិន មានការកើនឡើងនូវចំនួនភ្ញៀវទេសចរ ពិសេសក្នុងកំលុងវិស្សមកាលរដូវក្តៅ ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងបង្កើតសកម្មភាពកម្សាន្តសំបូរបែបទាក់ទងការនេសាទ។
នៅឯរមណីយដ្ឋាន YooTown Qilihai ការសម្តែងសិល្បៈប្រជាប្រិយរបស់ចិនមានប្រវត្តិសាស្ត្រមួយពាន់ឆ្នាំ "Datiehua" ដែលបកប្រែថា "ផ្កាដែកដ៏ទាក់ទាញ" បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាច្រើន។
ដោយប្រើប្រាស់អត្ថប្រយោជន៍ពីឆ្នេរសមុទ្ររបស់ខ្លួន ទីក្រុង Qinhuangdao បានបង្ហាញពីបទពិសោធន៍វិស្សមកាលនៅមាត់សមុទ្រ ដែលរួមបញ្ចូលការទទួលទានអាហារ ការផឹកស្រា ការកម្សាន្ត និងការដើរទិញអីវ៉ាន់។
នៅក្នុងទីក្រុងជាប់មាត់សមុទ្រនេះ ភ្ញៀវទេសចរមិនត្រឹមតែអាចប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយសត្វផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានបទពិសោធន៍ពីវប្បធម៌ភូមិនេសាទ ស្វែងយល់ពីទីកន្លែងប្លែកៗដូចជាសិក្ខាសាលានេសាទ និងចូលរួមក្នុងសកម្មភាពដូចជាការត្បាញសំណាញ់ និងការកសាងទូកជាដើម។
លោក Tian Hewei នាយករងផ្នែកទីផ្សារនៃ YooTown Qilihai Resort បានចែករំលែកថា តាមរយៈការអភិវឌ្ឍការសម្តែងល្ខោន និងព្រឹត្តិការណ៍ផ្ដល់បទពិសោធន៍ស៊ីជម្រៅ រហូតមកដល់ពេលនេះ លំហូរអ្នកទស្សនាមានការកើនឡើងជិត ៤០% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ នៅឆ្នាំនេះ ពួកគេរំពឹងថានឹងទទួលបានភ្ញៀវទេសចរជាង ១.២ លាននាក់មកទស្សនា។
ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់សេវាកម្មវប្បធម៌ និងទេសចរណ៍ ទីក្រុង Qinhuangdao បានលើកកម្ពស់ការច្នៃប្រឌិតក្នុងវិស័យវប្បធម៌ កីឡា និងទេសចរណ៍ តាមរយៈវិធានការនានា រួមការផ្ដល់ថវិកាគាំទ្រពិសេស និងការបង្កើតតំបន់សេដ្ឋកិច្ចពេលរាត្រី ៕
ប្រែសម្រួល៖ វ៉ាន់ថន