ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥
“Squid Game” ភាពយន្តភាគល្បែងមរណៈដ៏ល្បីរបស់ Netflix បានឈ្នះពានរង្វាន់រហូតដល់ ៦ ពានពីកម្មវិធីពានរង្វាន់អាមេរិក Gold Derby TV Awards ឆ្នាំ២០២៥។ភាពយន្តភាគ “Squid Game” របស់ Netflix បានបញ្ជាក់ជាថ្មីពីប្រជាប្រិយភាពទូទាំងពិភពលោករបស់ខ្លួន ដោយបានឈ្នះពានរង្វាន់ចំនួនប្រាំមួយនៅឯកម្មវិធីប្រគល់ពានរង្វាន់ Gold Derby TV Awards លើកទី ២២ នៅសហរដ្ឋអាមេរិក។
បញ្ជីអ្នកឈ្នះពានរង្វាន់ត្រូវបានប្រកាសកាលពីថ្ងៃទី ១៩ ខែសីហា ដោយក្នុងនោះ “Squid Game” បានឈ្នះពានរង្វាន់រឿងភាគល្អបំផុតសម្រាប់រដូវកាលទី ២ និងទី ៣ ខណៈតារាសម្ដែងពីរឿងនេះក៏ប្រមូលបានរង្វាន់សំខាន់ៗមួយចំនួនដែរ។
តារាប្រុស Lee Jung-jae ដែលសម្ដែងជាតួឯក Gi-hun ទទួលបានពានរង្វាន់តួឯកប្រុសឆ្នើម ខណៈ តារាស្រី Kang Ae-shim បានឈ្នះពានរង្វាន់តួរងស្រីឆ្នើម ហើយ T.O.P អតីតសមាជិកក្រុម BIGBANG ទទួលបានពានតួរងប្រុសឆ្នើម។
តារាប្រុស Gong Yoo ទទួលបានពានរង្វាន់តារាកិត្តិយសឆ្នើម ខណៈក្រុមតួសម្តែងទាំងមូលបានឈ្នះពានរង្វាន់ Ensemble of the Year សម្រាប់ការសម្ដែងបានស័ក្តសមនឹងតួអង្គទាំងអស់គ្នា។
ពានរង្វាន់ទាំងប្រាំមួយបានបង្ហាញពីប្រជាប្រិភាពយូរអង្វែងរបស់រឿងភាគនេះ ដែលមានរយៈពេលជិត ៤ ឆ្នាំ គិតចាប់ពីការបង្ហាញរដូវកាលដំបូង និងក្លាយជារឿងភាគល្បីល្បាញទូទាំងពិភពលោកក្នុងរយៈពេលត្រឹមមួយយប់។
ឆ្លៀតក្នុងឱកាសនេះ អ្នកនិពន្ធ និងដឹកនាំរឿងលោក Hwang Dong-hyuk ក៏បានបង្ហាញខ្លួនតាមរយៈវីដេអូ ដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្រ និងអ្នករៀបចំកម្មវិធីពានរង្វាន់ផងដែរ។
គួរបញ្ជាក់ដែរថា "Squid Game" រដូវកាលទី២ ថ្មីៗនេះបានជាប់ចំណាត់ថ្នាក់ជាស៊េរីមិននិយាយភាសាអង់គ្លេសពេញនិយមបំផុតលំដាប់ទី ២ ក្នុងប្រវត្តិសាស្ត្ររបស់ Netflix ៕
ប្រែសម្រួល៖ វ៉ាន់ថន