ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥
សមាជិកទាំង ៣ រូបរបស់ក្រុមចម្រៀងខេប៉ុបជើងចាស់ Big Bang បានបង្ហាញខ្លួនជុំគ្នាសម្រាប់ខួបគម្រប់ ១៩ ឆ្នាំនៃក្រុមរបស់ពួកគេ ថែមទាំងមានការចូលរួមអបអរពីមិត្តរួមអាជីពល្បីៗជាច្រើន។
បន្ទាប់ពីបានឡើងឆាកជុំគ្នាលើកចុងក្រោយកាលពីដើមឆ្នាំក្នុងកម្មវិធីប្រគំតន្ត្រីរបស់ Taeyang នៅពេលនេះ សមាជិកក្រុម Big Bang បានជួបជុំគ្នាជាថ្មី ដើម្បីអបអរខួប ១៩ ឆ្នាំនៃការបង្ហាញមុខរបស់ពួកគេ។ ដោយកាលពីថ្ងៃទី ១៩ ខែសីហា ឆានែលយូធូប ZIP DAESUNG របស់ Daesung បានចេញវីដេអូខ្លីមួយមានចំណងជើងថា 'Big Bang 19th Anniversary Home Sweet Home Party'។
វីដេអូខ្លីៗនេះបានចាប់ផ្ដើមដោយ G-Dragon ទទួលតួនាទីជាពិធីករជំនួស Daesung ដែលជាម្ចាស់ឆានែល។ G-Dragon បានណែនាំពីមិត្តរួមក្រុមបែបលេងសើច ដោយបានរៀបរាប់ពី Taeyang ថា "គាត់ពោរពេញដោយមន្តស្នេហ៍ ហើយតែងតែរះលើឆាក ប៉ុន្តែក៏ជាមនុស្សពិសេសបំផុតដែរ"។
ងាកទៅ Daesung G-Dragon និយាយបន្ថែមដោយញញឹមថា "មានរឿងច្រើនពេកហើយដែលត្រូវនិយាយអំពីបុរសម្នាក់នេះ... ដឹងត្រឹមតែគាត់ខិលទៅបានហើយ" ។ជាការជួបជុំគ្នាជាថ្មីក្រោយរយៈពេលជាយូរ សមាជិកទាំងបីបានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍ដោយអុជទៀនលើនំខួបទី ១៩ និងនិយាយលេងជាមួយគ្នាយ៉ាងរីករាយ។
អ្វីដែលពិសេស ពួកគេក៏បានអញ្ជើញមិត្តភក្តិជិតស្និទ្ធជាច្រើនឱ្យចូលរួមក្នុងពិធីជប់លៀងនេះដែរ រួមទាំងអតីតមិត្តរួមផលិតកម្ម YG គឺ CL ក្រុម 2NE1, Hoshi សមាជិកក្រុម Seventeen, តារាសម្តែង Go Kyung Pyo, Son Na Eun និង អ្នករាំ Deukie ធ្វើឱ្យអ្នកគាំទ្រកាន់តែចង់ដឹងអំពីរឿងរ៉ាវដែលពួកគេនឹងមកចែករំលែកជាមួយគ្នា។ វីដេអូពេញនៃកម្មវិធី ZIP DAESSUNG ដែលបង្ហាញពីការជួបជុំគ្នារបស់ Big Bang នឹងចេញផ្សាយនៅល្ងាចថ្ងៃទី ២២ ខែសីហា។
គួររំឭកថា Big Bang បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០០៦ ដោយមានសមាជិកដើមសរុប ៥ នាក់ ប៉ុន្តែ Seungri បានចាកចេញពីក្រុមក្នុងឆ្នាំ២០១៩ បន្ទាប់ពីមានរឿងអាស្រូវក្លឹប Burning Sun ខណៈ T.O.P បានចេញពីក្រុមក្នុងឆ្នាំ២០២៣ ៕
ប្រែសម្រួល៖ វ៉ាន់ថន