ថ្ងៃអង្គារ៍ ទី១៩ ខែសីហា ឆ្នាំ២០២៥

កីឡាករបោកចំបាប់ជនជាតិអេហ្ស៊ីបព្យាយាមបំបែកកំណត់ត្រាពិភពលោកខាងទាញរថយន្តច្រើនបំផុត

១៨ សីហា ២០២៥ | កម្សាន្ដ

កីឡាករបោកចំបាប់ជនជាតិអេហ្ស៊ីប លោកអាស្រាហ្វ.កាបុងហ្កា.ម៉ារូស (Ashraf 'Kabonga' Mahrous) ព្យាយាមបំបែកកំណត់ត្រាពិភពលោកដោយប្រើប្រាស់កម្លាំងកាយរបស់គាត់ដែលមានទាំងប៉ុន្មានដើម្បីអូសរថយន្តជាច្រើនគ្រឿងបន្តកន្ទុយគ្នា។ ការបំបែកកំណត់ត្រានេះធ្វើឡើងនៅទីក្រុងគែ (Cairo) ប្រទេសអេហ្ស៊ីប។តាមរយៈរូបវីឌីអូដែលថតបាន គេឃើញលោកកាបុងហ្កាបានធ្វើដំណើរទៅដល់ទីកន្លែងបង្ហាញសមត្ថភាព។

 

 

គេបានដាក់តម្រៀបរថយន្តម្ភៃគ្រឿងបន្តគ្នាដែលមានទម្ងន់សរុប២៩តោន។ គាត់អាចទាញបានចម្ងាយដប់ម៉ែត្រក្រោមសំឡេងហ៊ោទះដៃយ៉ាងកងរំពងពីសំណាក់ប្រិយមិត្តអ្នកទស្សនា។ លោកកាបុងហ្គោនិយាយថាឱព្រះជាម្ចាស់ ថ្ងៃនេះ ទូលបង្គំនឹងប្រគល់វីឌីអូ រូបថត និងតំណភ្ជាប់អ៊ីនធឺណិតទៅក្រុមកំណត់ត្រាពិភពលោកដើម្បីទទួលស្គាល់មហាព្រឹត្តិការណ៍នេះ។ នេះជាការព្យាយាមបំបែកកំណត់ត្រាចាស់កាលពីឆ្នាំ២០១៤ដែលធ្វើបានសម្រេចដោយលោកខេវីន.ហ្វាស់ (Kevin Fast)។

 

 

កាលនោះ គាត់ទាញរថយន្ត១៥គ្រឿង។ មួយគ្រឿងៗទម្ងន់ចាប់ពី៨៥០ទៅ៩០០គីឡូក្រាម។ ការខិតខំជម្នះបញ្ហាលំបាកបែបនេះធ្វើឲ្យលោកកាបុងហ្កាមានជោគជ័យនៅក្នុងវិស័យកីឡា និងជំរុញទឹកចិត្តរបស់គាត់ឲ្យខិតខំបំបែកកំណត់ត្រាពិភពលោកដើម្បីយកកេរ្តិ៍ឈ្មោះជូនប្រទេសអេហ្ស៊ីប។ សមិទ្ធផលធំបំផុតរបស់គាត់គឺការទាញរថភ្លើងទម្ងន់២៧៩តោន និងទាញទូរថភ្លើងក្រោមដី។

 

 

លោកកាបុងហ្កាប្រាប់ថាលោកខេវីន.ហ្វាស់បំបែកកំណត់ត្រាចាស់កាលពីឆ្នាំ២០១៤។ ចាប់តាំងពីពេលនោះមកគ្មាននរណាអាចបំបែកបានឡើយអស់រយៈពេលជិត២ឆ្នាំ។ ប៉ុន្តែមានតែរូបលោកម្នាក់ប៉ុណ្ណោះជាជនជាតិអេហ្ស៊ីបដែលស្នងតំណែងកំណត់ត្រាចាស់។

 

 

ដោយមានអ្នកគាំទ្រជួយទះដៃជាកម្លាំងចិត្តផងនោះ លោកកាបុងហ្កាខំប្រឹងទាញរថយន្តទាំងនោះបានដប់ម៉ែត្រយ៉ាងពេញលេញមិនឲ្យខ្វះសូម្បីតែបន្តិច។មានន័យថាលើសពីអ្វីដែលក្រុមអ្នកកំណត់ត្រាពិភពលោកបានកំណត់ជាអប្បបរមាទៅទៀត។ បើក្រុមកំណត់ត្រាពិភពលោកទទួលស្គាល់មែនមានន័យថាគាត់បានបំបែកកំណត់ត្រាថ្មីខាងទាញរថយន្តច្រើនបំផុតដោយមនុស្សតែម្នាក់៕

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025