ថ្ងៃអង្គារ៍ ទី១៩ ខែសីហា ឆ្នាំ២០២៥

រកឃើញហ្វូស៊ីលសត្វពង្រូលបុរាណដែលនៅរក្សាទ្រង់ទ្រាយដើមបានល្អទោះបីកន្លងផុតទៅជាយូរឆ្នាំ

១៨ សីហា ២០២៥ | កម្សាន្ដ

ហ្វូស៊ីលសត្វពង្រូលយក្សគ្លីតូដុង (glyptodont) ត្រូវគេប្រទះឃើញកប់នៅក្នុងរូងសម័យបុរាណស្ថិតនៅតំបន់ថ្មចោតចម្ងាយ២៥គីឡូម៉ែត្រពីទីក្រុងម៉ា.ដែល.ផ្លាតា (Mar del Plata) ប្រទេសអាហ្សង់ទីន។ លោកម៉ារីយ៉ាណូ (Mariano) និងក្រុមគ្រួសាររបស់គាត់រួមជាមួយអ្នករស់នៅម្ដុំនោះបានរកឃើញវត្ថុបុរាណនេះនៅពេលពួកគេធ្វើដំណើរដោយថ្មើរជើងកាលពីខែកុម្ភៈ។

 


ក្រោយការរកឃើញនោះ ក្រុមអ្នកស្រាវជ្រាវមកពីសារមន្ទីរវិទ្យាសាស្ត្រធម្មជាតិប្រចាំទីក្រុងនោះបញ្ជាក់បន្ថែមថាពិតបានរកឃើញហ្វូស៊ីលមែន។ បន្ទាប់មក ពួកគេក៏ចាប់ផ្ដើមធ្វើកំណាយ។ ហ្វូស៊ីលនេះជារបស់សត្វមួយប្រភេទដែលបានស្លាប់ផុតពូជអស់ទៅហើយ ហើយជាប់សាច់ញាតិនឹងសត្វពង្រូលសម័យទំនើប។ ហ្វូស៊ីលនោះបន្សល់ទុកនូវស្រកា កន្ទុយ ឆ្អឹងខ្ទង់ច្រមុះ និងក្រអូមមាត់។ សរីរៈរាងទាំងនេះកម្រនឹងនៅសេសសល់រយៈពេលយូរដល់ថ្នាក់នេះណាស់។

 

 

តួខ្លួនរបស់វាមានប្រវែង៨៥សង់ទីម៉ែត្រ។ ពោលគឺតូចជាងឆ្ងាយបើប្រៀបធៀបជាមួយសត្វពង្រូលបុរាណពេញវ័យដែលមានដងខ្លួនប្រវែង១,២៥ម៉ែត្រ។ លក្ខណៈខុសគ្នានៃសត្វទាំងនេះនៅត្រង់ថាវាជាសត្វពង្រូលមិនទាន់ពេញវ័យនៅឡើយ ហើយមានលក្ខណៈមិនធម្មតា។ ករណីដែលសត្វពង្រូលមិនទាន់ពេញវ័យអាចបន្សល់ទុកហ្វូស៊ីលនៅល្អដល់កម្រិតនេះជាករណីកម្រជាទីបំផុត។ ខាងលើនេះជារពន្យល់ធាលោកហ្វឺណាន់ដូ.ស្កាលីយ៉ា (Fernando Scaglia) ជាអ្នកបច្ចេកទេសខាងបុរាណវិទ្យា។

 

 

លោកថ្លែងថាសត្វប្រភេទនេះបានវិវត្តខ្លួននៅតំបន់អាមេរិកខាងត្បូងចន្លោះពី៣០-៤០លានឆ្នាំកន្លងមកហើយ ហើយបានស្លាប់ផុតពូជកាលពី១ម៉ឺនឆ្នាំមុន។ ហ្វូស៊ីលនេះត្រូវគេប្រទះឃើញនៅក្នុងពិធីជីកកកាយជាសាធារណៈមួយដែលចូលរួមដោយមនុស្សជាង៨០នាក់។ ក្រុមការងារនៅសារមន្ទីរប្រាប់ថាសាកសពសត្វពង្រូលនោះស្ថិតនៅក្នុងរូងសម័យបុរាណដែលបិទជិតឈឹងដោយដីល្បាប់។ ហេតុនេះ វាអាចរក្សគុណភាពល្អសឹងតែគ្មានការខូចខាតទាល់តែសោះ៕

 

 

ប្រែសម្រួល៖ អន សំអាង

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025