ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥
ផលិតកម្ម YG បានបញ្ជាក់ផ្លូវការពីគម្រោងចេញអាល់ប៊ុមថ្មីរបស់ BLACKPINK នៅខែវិច្ឆិកាឆ្នាំនេះ ព្រមទាំងគម្រោងចេញអាល់ប៊ុមរបស់ TREASURE និង BABYMONSTER ផងដែរ។ផលិតកម្ម YG Entertainment នៅថ្ងៃទី ១៨ ខែសីហានេះបានចេញវីដេអូប្រកាសមួយ ដោយក្នុងនោះស្ថាបនិកក្រុមហ៊ុនគឺលោក Yang Hyun Suk បានបង្ហាញព័ត៌មានថ្មីអំពីការវិលត្រលប់របស់ក្រុម TREASURE និង BABYMONSTER ក៏ដូចជាគម្រោងរបស់ក្រុមហ៊ុនសម្រាប់អាល់ប៊ុមថ្មី BLACKPINK ។
ជាដំបូង នាយកក្រុមហ៊ុនរូបនេះបានបង្ហាញបញ្ជីបទចម្រៀងសម្រាប់អាល់ប៊ុមខ្នាតតូចថ្មីរបស់ TREASURE មានចំណងជើងថា “LOVE PULSE” ដែលនឹងចេញនៅថ្ងៃទី ១ ខែកញ្ញា។ អាល់ប៊ុមខ្នាតតូចនេះនឹងមានបទចម្រៀងចំនួន ៤ បទរួមទាំងបទនាំមុខ "PARADISE" ហើយនៅចុងវីដេអូប្រកាសក៏មានការបង្ហាញវីដេអូហាត់រាំរបស់ TREASURE សម្រាប់បទថ្មី "EVERYTHING" ផងដែរ។
បន្តមក លោកក៏បានប្រកាសពីការផ្លាស់ប្តូរគម្រោងវិលត្រលប់របស់ក្រុមចម្រៀងនារី BABYMONSTER។ ដើមឡើយពួកគេគ្រោងនឹងវិលត្រឡប់មកឆាកតន្ត្រីវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចថ្មីនៅថ្ងៃទី ១ ខែតុលា ប៉ុន្តែកាលបរិច្ឆេទចុងក្រោយត្រូវបានរុញទៅថ្ងៃទី ១០ ខែតុលាវិញ។
អាល់ប៊ុមខ្នាតតូចថ្មីរបស់ BABYMONSTER នឹងមានបទចម្រៀងថ្មីចំនួនបួនបទ ដោយមានបទ “WE GO UP” ជាបទនាំមុខ។ លើសពីនេះ ពួកគេក៏បានបញ្ចប់ការថតកម្មវិធីថ្មីមួយមានឈ្មោះថា "BAEMON HOUSE" ដែលមានលក្ខណៈស្រដៀងទៅនឹងកម្មវិធី "BLACKPINK House" របស់ BLACKPINK កាលពីមុន។
ជាចុងក្រោយ លោក Yang Hyun Suk បានចែករំលែកថា សមាជិកក្រុម BLACKPINK និងផលិតកររបស់ពួកគេកំពុងធ្វើការយ៉ាងមមាញឹកលើអាល់ប៊ុមថ្មី ដោយលោកសង្ឃឹមថា អាល់ប៊ុមថ្មីនេះនឹងអាចចេញនៅចុងខែវិច្ឆិកាឆ្នាំ២០២៥នេះ។
បច្ចុប្បន្នក្រុមចម្រៀងសមាជិក ៤នាក់មួយនេះក៏កំពុងមមាញឹកយ៉ាងខ្លាំងផងដែរជាមួយការប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Deadline” ដែលបានចាប់ផ្ដើមកាលពីខែមុន ៕
ប្រែសម្រួល៖ វ៉ាន់ថន