ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ទោះបីជាពេលនេះជម្លោះតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ តែសង្គ្រាមពាក្យសម្តីតាមអនឡាញរវាងបវរកញ្ញាសម្បុរស្រអែមស្រស់ ភឹម ស្រីនោ និងបវរកញ្ញាជ្រុលនិយមថៃ ម្នាក់នៅតែក្តៅដូចបាយពុះមិនទាន់រលត់។
បើទោះបីជាពេលនេះ ស្ថានភាពជម្លោះតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ទៅហើយក្តី ប៉ុន្តែសង្គ្រាមពាក្យសម្តីតាមអនឡាញរវាងអតីត Miss Grand Cambodia កញ្ញា ភឹម ស្រីនោ និងបវរកញ្ញាជ្រុលនិយមថៃ នៅតែឡើងកម្តៅក្តៅដូចបាយពុះ។ ជាក់ស្តែង ប៉ុន្មានថ្ងៃកន្លងមកនេះ ស្រីនោ បានធ្វើការតបតទៅកាន់បវរកញ្ញាជ្រុលនិយមថៃមិនសំចៃមាត់នោះឡើយ ក្រោយពួកគេម៉ាកងាយប្រមាថជាតិសាសន៍ និងប្រជាជនខ្មែរ ធ្វើឱ្យ ស្រីនោ ទ្រាំលែងបាន ទើបធ្វើការតបតត្រឡប់ទៅវិញមិនសំចៃដៃបែបនេះ។
មុនតបតទៅកាន់បវរកញ្ញាជ្រុលនិយមថៃ ស្រីនោ បានសូមទោសទុកជាមុនដល់អ្នកគាំទ្រកម្ពុជាយើង សម្រាប់ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យលើបណ្តាញសង្គម ព្រោះនាងដឹងថា ក្នុងនាមជាបវរកញ្ញា ការធ្វើបែបនេះនឹងអាចជះផលអវិជ្ជមានដល់អ្នកជុំវិញខ្លួន ប៉ុន្តែនាងពិតជាមិនអាចទ្រាំមើលជាតិសាសន៍ដ៏ទៃម៉ាកងាយ និងលាបពណ៌មកកាន់ប្រទេសកម្ពុជាបានឡើយ រឹតតែមិនអាចឱ្យគេប្រមាថភាពថ្លៃថ្នូររបស់ប្រជាជនកម្ពុជាយើង។
មិនត្រឹមតែព្រលះបវរកញ្ញាជ្រុលនិយមថៃប៉ុណ្ណោះទេ ភឹម ស្រីនោ ថែមទាំងព្រលះ លោក Nawat មិនសំចៃមាត់ថែមទៀតផង។ ជាក់ស្តែង នាព្រឹកថ្ងៃទី២៩ នេះ ស្រីនោ បានបង្ហោះឃ្លីបថ្មីនិយាយជាភាសាថៃឆ្លើយតបទៅអ្នកគ្រប់គ្រងកម្មវិធីរូបនេះដោយគ្មានភាពញញើតភ័យខ្លាចអ្វីឡើយ។
អ្នកគាំទ្រមួយចំនួនបានបង្ហាញការពេញចិត្តចំពោះការជ្រើសរើសការតបតបែបហិង្សាតាមរយៈពាក្យសម្តីរបស់ ភឹម ស្រីនោ តែទន្ទឹមគ្នានោះក៏មានការសម្តែងការសោកស្តាយចំពោះការធ្វើបែបនេះ ព្រោះនាងបវរកញ្ញាជាបុគ្គលសាធារណៈពុំគួរណាប្រើប្រាស់ការជេរប្រមាថគ្នាលើបណ្តាញសង្គមនោះឡើយ ដោយវាអាចជាគំរូមិនល្អសម្រាប់អ្នកដ៏ទៃ។
គួររំឮកឱ្យដឹងផងដែរថា នេះជាលើកដំបូងហើយដែលគេឃើញ កញ្ញា ភឹម ស្រីនោ ចេញមុខព្រលះបវរកញ្ញាជ្រុលនិយមថៃមិនសំចៃមាត់បែបនេះ ខណៈដែលកន្លងមក នាងធ្លាប់តែជាបវរកញ្ញាដែលរងការម៉ាកងាយ និងការរិះគន់ធ្ងន់ៗ តែនាងជ្រើសរើសយកការស្ងប់ស្ងាត់មិនតបតនោះឡើយ ទើបពេលនេះដែលគេឃើញ ស្រីនោ ទប់លែងជាប់ ហើយឆ្លើយតបត្រឡប់ទៅវិញ។
អ្វីដែលគេចាំបាន ភឹម ស្រីនោ បានលុបតំណែងជាបវរកញ្ញាតំណែងប្រទេសរបស់ខ្លួនឯងចោលភ្លាមៗ នៅពេលកើតរឿងប្រមាថម៉ាកងាយជាតិសាសន៍ខ្មែរពីសំណាក់ ND Miss Grand អំឡុងពេលធ្វើសហម្ចាស់ផ្ទះរៀបចំការប្រកួត កាលពីឆ្នាំកន្លងទៅ។
ថ្មីៗនេះ ស្រីនោ បានប្រកាសឱ្យភីអិនអិនដឹងថា នាងនឹងត្រឡប់មកអង្រួនឆាកបវរកញ្ញាម្តងទៀតនៅឆ្នាំខាងមុខ ព្រោះនាងចង់បានតំណែងមួយសម្រាប់ខ្លួនឯង ដោយសារនាងបានបោះបង់តំណែងចាស់ចោលដោយមិនសោកស្តាយ ដូច្នេះនាងចង់ប្រើប្រាស់សមត្ថភាពមកដណ្តើមតំណែងថ្មីមួយទៀត គ្រាន់តែពេលនេះពុំទាន់អាចបញ្ជាក់កាលបរិច្ឆេទបាន ដោយបច្ចុប្បន្ននាងកំពុងសម្លឹងមើលកម្មវិធីណាដែលស័ក្កសមនឹងសមត្ថភាពរបស់ខ្លួនឯង។
ក្រៅពីការត្រៀមខ្លួនមកប្រកួតបវរកញ្ញាម្តងទៀត ស្រីនោ ក៏ឆ្លៀតពេលចូលរួមការងារសង្គមផ្សេងៗផងដែរ។ នាងបានលះបង់កម្លាំងកាយចិត្តស្ម័គ្រចិត្តចូលរួមការងារផ្សេងៗ រួមទាំងការចុះទៅចែកអំណោយដល់បងប្អូនជនភៀសសឹកនៅខេត្តសៀមរាប និងឧត្តរមានជ័យផងដែរ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងហ្វេសប៊ុក