ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥

សារ៉ាន់ គីមឡាង ក្លាយជា Miss Earth Cambodia 2025 ត្រៀមតំណាង កម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ!

២៣ កក្កដា ២០២៥ | កម្សាន្ដ

 

មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ បវរកញ្ញាសម្បុរទឹកឃ្មុំ សារ៉ាន់ គីមឡាង មានសមត្ថភាពខ្ពស់ និងថាមពលវិជ្ជមានលើកិច្ចការងារបរិស្ថានទៀតផង ធ្វើឱ្យនាងដណ្តើមបានមកុដ ក្លាយជា Miss Earth Cambodia 2025 ត្រៀមតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិឆាប់ៗខាងមុខនេះ។

 

 

ក្រោយឆ្លងកាត់ការសម្ភាសន៍ផ្ទាល់មាត់ជាមួយ អ្នកនាង Tiffany Vu (ធីហ្វានី វូ) អ្នកគ្រប់គ្រងថ្នាក់ជាតិនៃកម្មវិធី Miss Earth Cambodia 2025 ជុំវិញសមត្ថភាព និងចំណេះដឹងពាក់ព័ន្ធផ្នែកបរិស្ថាន កាលពីពេលថ្មីៗកន្លងទៅ ទីបំផុតរកឃើញម្ចាស់ជយលាភីដ៏ល្អស័ក្កិសមសម្រាប់តំណែង Miss Earth Cambodia 2025 ហើយ គឺបានទៅលើបវរកញ្ញាសម្បុរទឹកឃ្មុំ សារ៉ាន់ គីមឡាង។

 

 

ដើម្បីអបអរសាទរ និងជាការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សារ៉ាន់ គីមឡាង ដែលត្រូវបានតែងតាំងជា Miss Earth Cambodia 2025 ស្ថាប័នបានរៀបចំពិធីសន្នីសទសារព័ត៌មានយ៉ាងអធិកអម កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ម្សិលមិញ នៅ Anik Hotel ដោយមានការចូលរួមពីអ្នកនាង Tiffany Vu អ្នកគ្រប់គ្រងថ្នាក់ជាតិ បណ្តាដៃគូសហការឧបត្ថម្ភ ហ្វេនផេកគាំទ្រវិស័យបវរកញ្ញា រួមទាំងសិល្បករ-សិល្បការនីជាច្រើនរូប បានចូលរួមធ្វើជាសាខីភាពនៃការប្រកាសតែងតាំង សារ៉ាន់ គីមឡាង ជា Miss Earth Cambodia 2025 ដែលកញ្ញានឹងតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។

 

 

នៅចំពោះមុខភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ កញ្ញា សារ៉ាន់ គីមឡាង បានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តចំពោះតំណែង Miss Earth Cambodia 2025។ ឆ្លើយតបនឹងសំនួរប្រកបដោយថាមពល និងភាពជឿជាក់ គីមឡាង ថា នាងបានសិក្សាស្រាវជ្រាវច្រើនពីកម្មវិធី Miss Earth និងអ្វីដែលកម្មវិធីចង់បាន ហើយខ្លួននាងផ្ទាល់ក៏ត្រៀមខ្លួនជាស្រេចក្នុងការនាំយកទង់ជាតិកម្ពុជាទៅត្រដាងលើឆាកអន្តរជាតិ Miss Earth។

 

 

 

ផ្អែកលើចំណេះដឹងការងារផ្នែកបរិស្ថាន រូបសម្រស់ ការប្តេជ្ញាចិត្ត និងឆន្ទៈយ៉ាងមុះមុតបានក្លាយជាកត្តាជំរុញចិត្តឱ្យ កញ្ញា សារ៉ាន់ គីមឡាង រឹតតែមានកម្លាំងចិត្ត និងជឿជាក់ថា ខ្លួនឯងអាចធ្វើបានល្អលើវេទិកាអន្តរជាតិ ឆ្ពោះទៅការដណ្តើមភាពជោគជ័យត្រឡប់មកកម្ពុជាវិញ។ជាមួយគ្នានោះផងដែរ អ្នកនាង Tiffany Vu (ធីហ្វានី វូ) អ្នកគ្រប់គ្រងថ្នាក់ជាតិនៃ Miss Earth Cambodia 2025 បានលើកឡើងពីចំនុចពិសេសៗរបស់ សារ៉ាន់ គីមឡាង ដែលធ្វើឱ្យនាងឈ្នះមកុដ Miss Earth Cambodia 2025។

 

 

 

ដើម្បីជំរុញឱ្យសកម្មភាពរបស់ គីមឡាង រឹតតែមានប្រសិទ្ធិភាព ស្ថាប័នមានគម្រោងផែនការជាច្រើនត្រៀមសម្រាប់ជួយជ្រោមជ្រែងដល់ការផលិតមាតិកាផ្សេងៗ ស្របតាមមតិតស៊ូរបស់នាង ធ្វើយ៉ាងណាឱ្យបវរកញ្ញាកម្ពុជារូបនេះមានការត្រៀមខ្លួនយ៉ាងល្អសម្រាប់ការតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។គួររំឮកឱ្យដឹងផងដែរថា ក្រោយប្រកាសតែងតាំងជា Miss Earth Cambodia 2025 កញ្ញា សារ៉ាន់ គីមឡាង នឹងខំប្រឹងដុះខាតពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ទាំងចំណេះដឹងផ្នែកបរិស្ថាន ការងារសង្គម ការប្រើប្រាស់ភាសាអង់គ្លេស អ្វីដែលសំខាន់គឺនាងប្រកាន់ខ្ជាប់នូវមតិតស៊ូរបស់ខ្លួន ដែលផ្តោតលើការការពារបរិស្ថាន។ 

 

 

 

Miss Earth Cambodia 2025 សង្ឃឹមថា ពុកម៉ែបងប្អូន និងបណ្តាអ្នកគាំទ្រនឹងបន្តលើកទឹកចិត្ត និងគាំទ្រនាងបន្ថែមទៀតសម្រាប់ដំណើរផ្លូវឆ្ពោះទៅការតំណាងកម្ពុជាលើឆាកអន្តរជាតិ។

 

 

តាមគម្រោងកម្មវិធី Miss Earth អាចនឹងរៀបចំធ្វើឡើងនៅអំឡុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ប៉ុន្តែប្រទេសម្ចាស់ផ្ទះរៀបចំការប្រកួតនៅពុំទាន់នោះឡើយ ដូច្នេះស្ថាប័ននឹងធ្វើការជូនដំណឹងតាមក្រោយពេលទទួលបានព័ត៌មានជាក់លាក់។ក្រៅពីការតែងតាំង កញ្ញា សារ៉ាន់ គីមឡាង ជា Miss Earth Cambodia 2025 ស្ថាប័នក៏មានប្រគល់វិញ្ញាបនបត្រជូនដល់ដៃគូសហការឧបត្ថម្ភដែលបានចូលរួមជួយគាំទ្រដល់កម្មវិធី Miss Earth Cambodia ផងដែរ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025