ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥
ធនាគារជាតិនៃកម្ពុជា បង្ហាញថា ការទូទាត់ឌីជីថលតាមការស្កេនឃ្យូររកូត ក្នុងឆ្នាំ ២០២៤ មានការកើនឡើងខ្លាំងដល់ទៅ ២៤៧% ខណៈប្រតិបត្តិការទូទាត់តាមរយៈប័ណ្ណទូទាត់ មានការកើនឡើងត្រឹមតែ ១%។របាយការណ៍ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជាប្រចាំឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ ប្រតិបត្តិការទូទាត់តាមរយៈប័ណ្ណទូទាត់ មានការធ្លាក់ចុះ រីឯប្រតិបត្តិការទូទាត់តាមការស្កេនឃ្យូររកូត (QR Code) បន្តកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ទាំងចំនួនប្រតិបត្តិការ និងទំហំទឹកប្រាក់។
ចំនួនប្រតិបត្តិការតាមប័ណ្ណទូទាត់ មានការកើនឡើងត្រឹម ១% ប៉ុន្តែទំហំទឹកប្រាក់ មានការធ្លាក់ចុះ រហូតដល់ ៧%។
រីឯចំនួនប្រតិបត្តិការទូទាត់តាម QR Code មានការកើនឡើងរហូតដល់ ២៤៧% ហើយទំហំទឹកប្រាក់ មានការកើនឡើងរហូតដល់ ១៣៥%។ធនាគារជាតិនៃកម្ពុជា នឹងបន្តជំរុញ និងលើកកម្ពស់ការទូទាត់តាមប្រព័ន្ធបាគង និងការអនុវត្តស្តង់ដារ KHQR Code ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីសម្រេចបានក្នុងការត្រៀមខ្លួន សម្រាប់ការធ្វើអន្តរប្រតិបត្តិការទូទាត់តាមរយៈឃ្យូអរកូតទាំងក្នុងប្រទេស និងតំបន់។
បើតាមធនាគារជាតិ ក្នុងឆ្នាំ២០២៤ អតិថិជនចុះឈ្មោះប្រើប្រាស់ប្រព័ន្ធបាគង តាមរយៈកម្មវិធីបាគងមានចំនួន ៦៤ម៉ឺនគណនី កើនឡើង ៧% បើធៀបនឹងឆ្នាំ២០២៣។ទន្ទឹមនេះ ចំនួនអតិថិជនដែលមានគណនីធនាគារ/កាបូបអេឡិចត្រូនិក នៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហើយអាចធ្វើប្រតិបត្តិការតាមប្រព័ន្ធបាគង មានចំនួនប្រមាណ ៣០លានគណនី ដែលប៉ាន់ប្រមាណស្មើនឹង ១៦៩% នៃចំនួនប្រជាជនសរុប។
លើសពីនេះ ប្រព័ន្ធបាគងក៏មានមុខងារ ទូទាត់តាមរយៈ KHQR Code ដែលជាស្តង់ដារ QR Code សម្រាប់ការទូទាត់នៅកម្ពុជាផងដែរ។គិតត្រឹមដំណាច់ឆ្នាំ ២០២៤នេះ ពាណិជ្ជករដែលចុះឈ្មោះប្រើប្រាស់ដោយគ្រឹះស្ថានធនាគារ ដើម្បីទទួលការទូទាត់តាមខេអេចឃ្យូអរកូត មានប្រមាណ ៤លាន ៥សែនគណនី កើនឡើង ៣៦% ធៀបនឹងឆ្នាំ២០២៣។
រីឯប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគងមានចំនួន ៦០៨លានប្រតិបត្តិការ ក្នុងនោះប្រតិបត្តិការជាប្រាក់រៀលមានចំនួន ២៩៩លានប្រតិបត្តិការ កើនឡើង ៣៣៤% មានទំហំប្រាក់ជាប្រាក់រៀលប្រមាណ ១៧៩ទ្រីលានរៀល កើនឡើង ១២១%ចំពោះប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកមានចំនួន ៣០៨លានប្រតិបត្តិការ កើនឡើង ១៣២% និង និងទំហំប្រាក់ជាប្រាក់ដុល្លារអាមេរិកប្រមាណ ១០២ប៊ីលានដុល្លារអាមេរិក កើនឡើង ៩០%។
ទំហំទឹកប្រាក់សរុបនៅក្នុងឆ្នាំ ២០២៤ ស្មើនឹង ៣២៧% នៃផ.ស.ស។ ការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធបាគង មានការកើនឡើងជាលំដាប់ បន្ទាប់ពីប្រព័ន្ធបាគង ត្រូវបានដាក់ឱ្យដំណើរការ។គួរជម្រាបថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ ប្រព័ន្ធបាគងមានសមាជិកសរុបចំនួន ៦៩ គ្រឹះស្ថាន ដោយក្នុងនោះមានគ្រឹះស្ថានចំនួន ៦០ បានដាក់ឱ្យដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន ៩ ផ្សេងទៀតបាននិង កំពុងបន្តធ្វើសន្ធានកម្មប្រព័ន្ធ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ