ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥

កម្ពុជា-អាស៊ែបៃហ្សង់ រួមគ្នាជំរុញការទាក់ទាញលំហូរភ្ញៀវទេសចរ

២៤ កក្កដា ២០២៥ | សេដ្ឋកិច្ច

 

កម្ពុជា និងអាស៊ែបៃហ្សង់រួមគ្នាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍ជាបេតិកភណ្ឌពិភពលោក ដែលមានតម្លៃបន្ថែមរបស់ប្រទេសកម្ពុជា និងអាស៊ែបៃហ្សង់ដល់ប្រជាជនប្រទេសទាំងពីរ និងពិភពលោកទាំងមូល។ 

 

 

តាមរយៈជំនួបរវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម Elnur Mammadov អនុរដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា និងអាស៊ែបៃហ្សង់ បានពិភាក្សាគ្នាផ្លាស់ប្តូរទស្សនៈយុទ្ធសាស្រ្តស៊ីជម្រៅស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី និងការជំរុញទាក់ទាញលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរឱ្យបានកាន់តែច្រើន។

 


ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ បានចាត់ទុកថា ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍ ជាបេតិកភណ្ឌពិភពលោក និងដែលមានតម្លៃបន្ថែមរបស់ប្រទេសកម្ពុជា និងអាស៊ែបៃហ្សង់ ដល់ប្រជាជនប្រទេសទាំងពីរ និងពិភពលោកទាំងមូល។ 

 


ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានគូសបញ្ជាក់ថា បើទោះបីជានៅក្នុងបរិការណ៍ភាពតាងតឹងនៃភូមិសាស្ត្រនយោបាយ សភាពការណ៍ប្រែប្រួលមិនច្បាស់លាស់នៃពិភពលោក និងតំបន់ សង្គ្រាមនិងវិបត្តិនៅមជ្ឈិមបូព៌ា ការដាក់សម្ពាធខាងពាណិជ្ជកម្មតាមរយៈពន្ធបដិការរបស់សហរដ្ឋអាមេរិកយ៉ាងណា ប៉ុន្តែចំនួនអ្នកទេសចរដែលមកកម្សាន្តនៅតំបន់អាស៊ាន ក៏ដូចជាកម្ពុជាមានចំនួនកើនឡើង ដែលនេះវាពិតជាបានឆ្លុះបញ្ចាំងអំពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា។ 

 


ជាមួយគ្នានេះ ប្រទេសទាំងពីរ មានទស្សនៈរួមគ្នាលើសារៈសំខាន់ នៃវិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ចជាតិ ការបង្កើតចំណូលរបស់ប្រជាពលរដ្ឋ និងការភា្ជប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដោយហេតុថាប្រទេសទាំងពីរជាប្រទេស ដែលមានប្រវតិ្តសាស្រ្តវប្បធម៌ និងអរិយធម៌ដ៏យូរលង់ ប្រពៃណីទំនៀមទំលាប់ដ៏សំបូរបែបនិងចំណាស់ ការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ របស់ប្រជាជនម្ចាស់ស្រុក កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សក្តានុពលទេសចរណ៍វប្បធម៌ បេតិកភណ្ឌអេកូទេសចរណ៍ និងធម្មជាតិជាច្រើន ពិសេសគឺសុទ្ធតែជាប្រទេស ដែលមានបេតិភណ្ឌពិភពលោកដូចគ្នា ដោយប្រទេសកម្ពុជា ត្រូវបានស្គាល់ តាមរយៈប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ហើយប្រទេសអាស៊ែបៃហ្សង់ តាមរយៈបេតិកភណ្ឌក្នុងរដ្ឋធានីបាគូ ដែលមានប្រាសាទ Shirvanshah ជាមួយជញ្ជាំងក្រុង និងប៉ម Maiden ដែលត្រូវបានចាត់ទុកជាគុជ នៃស្ថាបត្យកម្មរបស់ជាតិ ។

 


សូមជម្រាបថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេចរអន្តរជាតិជាង ១,៨៣ លាននាក់ កើនឡើង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លើសពីនេះ កម្ពុជា រំពឹងស្វាគមន៍ភ្ញៀវទេចរអន្តជាតិប្រមាណ ៧,៥ លាននាក់ នៅឆ្នាំ២០២៥ ដែលនឹងបង្កើតចំណូលចូលសេដ្ឋកិច្ចជាតិ ប្រមាណ ជាង ៥ពាន់លានដុល្លារអាមេរិក ផងដែរ៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025