ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥

គម្រោងវិនិយោគចំនួន ៣៣១ ក្នុងខេត្តព្រះសីហនុ មានទុនជាង ៤,៧ពាន់លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស

២៤ កក្កដា ២០២៥ | សេដ្ឋកិច្ច

 

គម្រោងវិនិយោគ និងធុរកិច្ច ចំនួន ៣៣១ ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគប្រមាណ ៤ពាន់ ៧រយលានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេសពី រាជរដ្ឋាភិបាលកម្ពុជា ក្រោមក្របខណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ។


នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០២៤ និង ៦ខែ ដើមឆ្នាំ ២០២៥ ក្រុមការងារជំរុញការវិនិយោគ បានផ្តល់ការលើកទឹកចិត្តជូនដល់ គម្រោងវិនិយោគសរុបចំនួន ៣៣១ គម្រោង និងបានខិតខំប្រឹងប្រែងជាមួយក្រសួងស្ថាប័ន ក្នុងការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ដែលបាន និង កំពុងបង្កើនជំនឿទុកចិត្តវិនិយោគ ។

 


ឯកឧត្តម បន្តថា ក្នុងចំណោមគម្រោងទាំង ៣៣១ មានគម្រោងពាក់ព័ន្ធអគារជាប់គាំង ១៥៣គម្រោង, គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង (គម្រោងថ្មី) ១៤២ គម្រោង, គម្រោងពង្រីក ២៤គម្រោង និង គម្រោងមានស្រាប់ ១២គម្រោង ដែលមានតម្រូវការសម្រាប់បញ្ចប់ការសាងសង់ និង អនុវត្តគម្រោង ប្រមាណ ៤ពាន់ ៧រយលានដុល្លារអាមេរិក។

 


ក្នុងឆមាសទី ១ ឆ្នាំ ២០២៥នេះ ក្រុមការងារបានផ្តល់ការលើកទឹកចិត្តជូនគម្រោងចំនួន ១១៨ គម្រោង ក្នុងនោះ អគារជាប់គាំង ចំនួន ៥១ គម្រោង, គម្រោងវិនិយោគថ្មី ចំនួន ៥៤ គម្រោង, គម្រោងពង្រីក ចំនួន ៨ គម្រោង និង គម្រោងមានស្រាប់ ចំនួន ៥ គម្រោង ។

 


ក្រៅពីការសម្រេចផ្តល់ការលើកទឹកចិត្តពិសេសជាគោលការណ៍ ក្រុមការងារបានសម្របសម្រួលចុះបញ្ជីសហគ្រាស, សម្របសម្រួលធ្វើផ្លូវ លូ ផ្តល់លិខិតអនុញ្ញាតសាងសង់ អាជ្ញាបណ្ណទេសចរណ៍ អាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវេទិកាទាក់ទាញ ដោយសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ផ្តល់ការប្រឹក្សាយោបល់ និង ការសម្របសម្រួលដោះស្រាយសំណូមពរផ្សេងៗរបស់វិនិយោគិន និងធុរជន ទាំងខ្មែរ និងបរទេស។

 


តាមរយៈការចុះពិនិត្យការអនុវត្តគម្រោង ក្រុមហ៊ុនដែលទទួលបានការលើកទឹកចិត្ត មានអំណរសាទរ និងពេញចិត្តចំពោះកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ហើយបានធ្វើការសម្រេចចិត្តវិនិយោគ ក្នុងខេត្តព្រះសីហនុ។

 


បច្ចុប្បន្ន ខេត្តព្រះសីហនុ មានសន្តិសុខ សណ្តាប់ធ្នាប់ និង បរិយាកាសវិនិយោគល្អប្រសើរ ដែលបានទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរក្នុងចំនួនច្រើន និងច្រើនជាតិសាសន៍ សមស្របជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ។សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានដាក់ចេញ "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញសម្ទុះសេដ្ឋកិច្ច និង បង្កើតការងារជូនប្រជាពលរដ្ឋ ព្រមទាំងកែប្រែមុខមាត់ខេត្តព្រះសីហនុ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025