ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥

កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន នៅក្នុងឆ្នាំនេះ

២៤ កក្កដា ២០២៥ | សេដ្ឋកិច្ច

 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជឿជាក់ថា កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន នៅក្នុងឆ្នាំនេះ ហើយការវិនិយោគរបស់ក្រុមហ៊ុន ក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី គឺជាពេលវេលាដ៏សមស្រប។

 

 

 

ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Fahd Al Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និង គណៈប្រតិភូ នៃក្រុមហ៊ុន AI Mansour Asia នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ខណៈសម្តេចតេជោជឿថា កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន នៅក្នុងឆ្នាំនេះ។ 

 


ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់អំពីសក្តានុពលនៃស្វាយចន្ទីកម្ពុជា ដែលបច្ចុប្បន្ន កម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងបាននាំចេញប្រមាណ ៦០ម៉ឺនតោន រួចទៅហើយក្នុងឆមាសទី១ ដើមឆ្នាំ២០២៥នេះ។ លើសពីនេះ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ហើយការវិនិយោគរបស់ក្រុមហ៊ុន ក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី គឺជាពេលវេលាដ៏សមស្រប។ 

 


បន្ថែមពីនេះ សម្តេចតេជោ បានបន្តថា កម្ពុជាក៏នៅមានដំឡូងមី និងជ័រកៅស៊ូ ដែលកម្ពុជាមិនទាន់បានកែច្នៃឱ្យអស់សក្តានុពលនៅឡើយ ហើយទីផ្សារនៅកម្ពុជារួមទាំងតំបន់ ក៏នៅមានលម្ហក្នុងការផ្គត់ផ្គង់ និងវិនិយោគ។ សម្តេច បានស្នើឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការកែច្នែស្បៀង និងវត្ថុធាតុដើមកសិកម្មនៅកម្ពុជាផងដែរ។ 

 


ជាការឆ្លើយតប លោក Fahd AI Dosari បានថ្លែងអរគុណសម្តេចតេជោ និងបង្ហាញការចាប់អារម្មណ៍លើវិស័យកសិកម្ម កម្មន្តសាល ក៏ដូចជាគម្រោងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ ដូចជា សណ្ឋាគារ ការអភិវឌ្ឍកោះ ទីកន្លែងកំសាន្ត និងព្រលានយន្តហោះផងដែរ។ លោក Dosari បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនរបស់លោក មើលឃើញយ៉ាងច្បាស់អំពីសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពរបស់កម្ពុជា ដូច្នេះហើយទើប ក្រុមហ៊ុនចាប់ផ្តើមការវិនិយោគ នៅអាស៊ីអាគ្នេយ៍ដោយផ្តើមចេញពីការវិនិយោគនៅកម្ពុជា។

 


ទន្ទឹមនឹងនេះ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញថា កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេទី២ របស់ពិភពលោក ប្រមាណ ១៧% នៃចំណែកផលិតកម្មពិភពលោក បន្ទាប់ពីកូតឌីវ័រ ប្រមាណ ២៤% នៃចំណែកផលិតកម្មពិភពលោកក្នុងឆ្នាំ២០២៤។

 


សូមជម្រាបថា បើតាមទិន្ន័យពីសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់វៀតណាមចំនួន ៧៩ម៉ឺនតោន ដែលគិតជាទឹកប្រាក់ ១១៥០ លានដុល្លារអាមេរិក៕
 

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+ព្រឹទ្ធសភា 
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025