ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥

TXT សម្រេចកំណត់ត្រាលក់អាល់ប៊ុមបានខ្ទង់លាន ៦ អាល់ប៊ុមជាប់ៗគ្នា

២៤ កក្កដា ២០២៥ | កម្សាន្ដ

 

អាល់ប៊ុមចុងក្រោយពីក្រុមចម្រៀងប្រុសខេប៉ុប TXT អាចលក់ដាច់ខ្ទង់លានបន្ទះនៅថ្ងៃដំបូង ព្រមទាំងគ្រងចំណាត់ថ្នាក់លេខ ១ លើតារាង iTunes ទូទាំងពិភពលោក។ក្រុមចម្រៀងTomorrow X Together ហៅកាត់ TXT ថ្មីៗនេះបានធ្វើការត្រលប់មកឆាកតន្ត្រីវិញជាមួយនឹងអាល់ប៊ុមខ្នាតពេញទី ៤ មានចំណងជើងថា “The Star Chapter: TOGETHER” ដោយមានបទ “Beautiful Strangers” ជាបទសំខាន់។ 

 


យោងតាមគេហទំព័រទិន្នន័យតន្ត្រីកូរ៉េ Hanteo (ហានថូ) អាល់ប៊ុម "The Star Chapter: TOGETHER" អាចលក់បានសរុបខ្ទង់ ១ ៤២៨ ០០០ (មួយលានបួនសែនពីរម៉ឺនប្រាំបីពាន់) ច្បាប់នៅថ្ងៃដំបូង។ តួលេខការលក់ត្រឹមមួយថ្ងៃនៃអាល់ប៊ុមចុងក្រោយនេះស្ទើរតែស្មើនឹងតួលេខលក់រយៈពេលមួយសប្ដាហ៍សម្រាប់អាល់ប៊ុមខ្នាតតូចមុនរបស់ពួកគេមានចំណងជើងថា “The Star Chapter: SANCTUARY” ដែលអាចលក់បានខ្ទង់ ១ ៥៧៩ ០០០ (មួយលានប្រាំសែនប្រាំពីរម៉ឺនប្រាំបួនពាន់) ច្បាប់សម្រាប់សប្ដាហ៍ទីមួយ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។

 


“The Star Chapter: TOGETHER” គឺជាអាល់ប៊ុមទី ៦ ជាប់ៗគ្នារបស់ TXT ដែលអាចលក់បានជាង ១ លានច្បាប់ក្នុងសប្តាហ៍ដំបូងនៃការចេញផ្សាយ បន្ទាប់ពីអាល់ប៊ុម “minisode 2: Thursday’s Child,” “The Name Chapter: TEMPTATION,” “The Name Chapter: FREEFALL,” “minisode 3: TOMORROW” និងអាល់ប៊ុម “The Star Chapter: SANCTUARY”។

 


លើសពីនេះទៀត នៅថ្ងៃទី២២ ខែកក្កដា អាល់ប៊ុមចុងក្រោយនេះបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes Top Albums នៅយ៉ាងហោច ១៩ ប្រទេសនិងតំបន់ រួមមានទាំងជប៉ុន ឈីលី និងហុងកុង ខណៈបទ “Beautiful Strangers” ក៏បានឈានដល់លេខ ១ នៅលើតារាង iTunes Top Songs យ៉ាងហោច ៩ ប្រទេស រួមមានទាំងប្រទេសកម្ពុជាផងដែរ។

 


ចំណែកនៅលើតារាងតន្ត្រីក្នុងស្រុកក៏ទទួលបានការគាំទ្រយ៉ាងល្អដែរ ដោយបទចម្រៀងទាំងប្រាំបីពីអាល់ប៊ុមបានជាប់ចូលក្នុងតារាង real time របស់ Melon, Bugs និង Genie ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025