ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥
កាលពីថ្ងៃទី ២២ ខែកក្កដា អង្គភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ទីក្រុងសេអ៊ូលបានបញ្ជូនជនសង្ស័យចំនួន ៣ នាក់ រួមទាំងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ទៅកាន់ការិយាល័យរដ្ឋអាជ្ញាកណ្តាលទីក្រុងសេអ៊ូល ក្រោមការចោទប្រកាន់ពីបទរំលោភលើច្បាប់បណ្តាញព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសកូរ៉េ ពាក់ព័ន្ធការលក់ព័ត៌មានជើងហោះហើររបស់ក្រុម BTS។
យោងតាមប៉ូលីស បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ម្នាក់បានចូលមើលកំណត់ត្រាហោះហើរឯកជនរបស់តារាល្បីៗ ហើយលក់ព័ត៌មានទាំងនោះទៅឱ្យឈ្មួញកណ្តាលដោយទទួលបានប្រាក់រាប់សិបលានវ៉ុន (ស្មើនឹងប្រហែលរាប់ម៉ឺនដុល្លារ)។
បន្ទាប់មកឈ្មួញកណ្តាលបានលក់ទិន្នន័យបន្តតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមតាមឆាតឯកជន និងឆាតជាក្រុម។ បច្ចុប្បន្ន ប៉ូលិសបានតាមដានកំណត់ត្រាហិរញ្ញវត្ថុ និងបានបញ្ជាក់ពីលំហូរព័ត៌មាន និងសាច់ប្រាក់ រួមនឹងតួនាទីរបស់ជនសង្ស័យរួចរាល់។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្ម K-pop បានបង្កើនការប្រុងប្រយ័ត្នជាខ្លាំងចំពោះអ្នកគាំទ្រជ្រុលនិយម ដែលប្រើព័ត៌មានលម្អិតអំពីជើងហោះហើរដើម្បីតាមតារាល្បីៗ ដូចជាការទិញសំបុត្រនៅលើជើងហោះហើរដូចគ្នា ការផ្លាស់ប្តូរអាហារក្នុងយន្តហោះនិងមានទាំងលុបចោលការកក់សំបុត្រយន្តហោះរបស់តារាៗដើម្បីបំផ្លាញកាលវិភាគរបស់ពួកគេទៀតផង។
យោងតាមប៉ូលីស ករណីនេះបញ្ជាក់ថា ការលក់ទិន្នន័យឯកជន គឺជាអំពើឧក្រិដ្ឋកម្ម ហើយគេសង្ឃឹមថា នេះជាគំរូមួយដែលរារាំងការរំលោភបំពាននាពេលអនាគត។
គួររំឭកថា ទីភ្នាក់ងាររបស់ BTS គឺ HYBE បានចាប់ផ្តើមក្រុមការងារពិសេសមួយក្នុងឆ្នាំ ២០២៣ និងបានធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរ ក្នុងការកំណត់អត្តសញ្ញាណ និងរាយការណ៍ពីគណនីបណ្ដាញសង្គមដែលលក់ព័ត៌មានការធ្វើដំណើររបស់តារាល្បី។
បេសកកកម្មនេះហើយបាននាំឱ្យបុគ្គល៣នាក់ខាងលើត្រូវបានចាប់ខ្លួននៅក្នុងខែកុម្ភៈ និងខែមីនា។ ក្រុមហ៊ុន HYBE និយាយថា ពួកគេនឹងបន្តសហការយ៉ាងពេញទំហឹងក្នុងការស៊ើបអង្កេត និងបន្តសកម្មភាពផ្លូវច្បាប់ដោយគ្មានការចរចា ឬបន្ធូរបន្ថយនោះឡើយ ៕
ប្រែសម្រួល៖ វ៉ាន់ថន