ថ្ងៃអង្គារ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៥
គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៥នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិប្រមាណ ៣០ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៧% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៦ខែនេះ កម្ពុជា សម្រេចបានការនាំចេញជាង ១៤ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៦% ខណៈនៅពេលដូចគ្នា ឆ្នាំ ២០២៤ កម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិជាង ១២ពាន់លានដុល្លារអាមេរិក។
ទាក់ទងនឹង ការនាំចូលមកវិញ កម្ពុជា បាននាំចូលទំនិញប្រមាណ ១៦ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ប្រហែល ១៨% ហើយវាបានធ្វើឲ្យ កម្ពុជា មានឱនភាពពាណិជ្ជកម្មជិត ២ពាន់លានដុល្លារអាមេរិក។
អំឡុងពេលនេះ ចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានទំហំ ៧៥០លានដុល្លារអាមេរិក ដោយការនាំចូលមកកាន់កម្ពុជាវិញ មានដល់ទៅ ៨ពាន់ ៥រយលានដុល្លារអាមេរិក ដែលធ្វើឲ្យ កម្ពុជា កើតនូវឱនភាពពាណិជ្ជកម្មជាង ៧ពាន់លានដុល្លារអាមេរិក ជាមួយនឹងប្រទេសចិន។
រីឯ អាមេរិក ឈរនៅលំដាប់លេខ ២ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ៥ពាន់ ៦រយលានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជា នាំចេញទំនិញទៅកាន់អាមេរិក ជាង ៥ពាន់ ៥រយលានដុល្លារអាមេរិក ខណៈកម្ពុជា នាំចូលមកជាង ១៦៤លានដុល្លារអាមេរិក។
ទន្ទឹមគ្នា វៀតណាម ឈរនៅលំដាប់លេខ ៣ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជា នាំចេញទំនិញទៅកាន់វៀតណាមជាង ២ពាន់លានដុល្លារអាមេរិក ខណៈកម្ពុជា នាំចូលមកវិញជាង ២ពាន់លានដុល្លារអាមេរិក ប្រហាក់ប្រហែលគ្នា។សម្រាប់មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក ឧបករណ៍អគ្គិសនី និងផលិតផលកង់ជាដើម។
សូមជម្រាបថា ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវ ការនាំចេញ-នាំចូលទំនិញទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៥៤ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៧% ដោយ កម្ពុជា សម្រេចបានការនាំចេញជាង ២៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% និងការនាំចូលមកវិញ ប្រមាណ ២៨ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ប្រហែល ១៨% ហើយវាបានធ្វើឲ្យ កម្ពុជា សម្រេចឱនភាពពាណិជ្ជកម្មប្រមាណ ២,៣ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ