ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥

សហរដ្ឋអាមេរិក ប្រកាសដំឡើងពន្ធបដិការលើប្រទេសចំនួន ១៤ រួមទាំង ប្រទេសកម្ពុជា

០៩ កក្កដា ២០២៥ | សេដ្ឋកិច្ច

 

នៅថ្ងៃនេះ សហរដ្ឋអាមេរិក បានប្រកាសដំឡើងពន្ធបដិការលើប្រទេសចំនួន ១៤ រួមទាំង ប្រទេសកម្ពុជា ចន្លោះពី ២៥% ទៅដល់ ៤០% ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ខាងមុខនេះ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិ ដើម្បីពន្យារពេលអនុវត្ត ពន្ធបដិការលើប្រទេសចំនួន ១៤ ដោយពន្យារពីថ្ងៃទី ៩ ខែកក្កដា ដល់ថ្ងៃទី ១ ខែសីហា ខាងមុខ។

 


រដ្ឋមន្ត្រីជាន់ខ្ពស់នៃរតនាគារសហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃទី ៦ ខែកក្កដា ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងផ្ញើលិខិតទៅកាន់ដៃគូពាណិជ្ជកម្មក្នុងសប្តាហ៍នេះ ដើម្បីជូនដំណឹងដល់ពួកគេអំពី អត្រាពន្ធដែលសហរដ្ឋអាមេរិកគ្រោងនឹងដាក់។ចំពោះប្រទេសដែលបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិក ត្រឹមថ្ងៃទី ១ ខែសីហា អត្រាពន្ធនឹងត្រឡប់ទៅកម្រិត ពន្ធបដិការ ដែលបានប្រកាសនៅក្នុងខែមេសា។

 


ដោយឡែក ចំពោះអត្រាពន្ធថ្មី ដែលត្រូវបានប្រកាសនៅថ្ងៃទី ៨ ខែកក្កដា ឃើញថា ពន្ធ ២៥% នឹងត្រូវដាក់លើការនាំចូលពីប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ១ ខែសីហា ហើយកម្ពុជា នឹងរងបន្ទុកពន្ធ ៣៦% ធ្លាក់ចុះពី ៤៩% ដែលអាមេរិក បានប្រកាសកាលពីខែមេសា។នៅក្នុងលិខិតផ្លូវការស្ដីអំពី អត្រាពន្ធខ្ពស់ ដែលត្រូវបានផ្ញើមកកាន់ប្រទេសកម្ពុជា និងបណ្តាប្រទេសទាំង ១៣ផ្សេងទៀត លោក ដូណាល់ ត្រាំ បានទាមទារឱ្យប្រទេសទាំងនោះ ដាក់ការវិនិយោគនៅលើទឹកដីសហរដ្ឋអាមេរិក និងបើកទីផ្សារឱ្យទំនិញអាមេរិក ដើម្បីចរចាបន្ធូរបន្ថយ ឬកាត់ផ្ដាច់ពន្ធ។

 


យោងតាមលិខិតរបស់លោក ដូណាល់ ត្រាំ ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ អាមេរិក នឹងអនុវត្តពន្ធ ៣៦% លើមុខទំនិញរបស់កម្ពុជាទាំងអស់ ដែលនាំចូលអាមេរិក ហើយក៏បញ្ជាក់ដែរថា ប្រទេសនានា អាចទទួលបានការកែសម្រួលអត្រាពន្ធ ប្រសិនបើប្រទេសទាំងនោះ ផ្លាស់ប្ដូរគោលនយោបាយ ពាណិជ្ជកម្មជាមួយអាមេរិក ដូចជាការមិនយកពន្ធចំពោះ ការនាំចូលទំនិញអាមេរិកជាដើម។យ៉ាងណាមិញ ពន្ធបដិការថ្មីនេះ គឺដាច់ដោយឡែកពី ពន្ធតាមវិស័យ ហើយចំពោះទំនិញដឹកជញ្ជូនឆ្លងកាត់ ដែលមានបំណងគេចវេសបន្ទុកពន្ធ នឹងត្រូវជាប់ពន្ធបដិការដ៏ខ្ពស់នេះ។


ក្នុងលិខិតនេះ ក៏បានបញ្ជាក់ដែរថា ក្នុងហេតុផលណាក៏ដោយ ដែលកម្ពុជា សម្រេចដំឡើងពន្ធ (សងសឹក) នោះអត្រាពន្ធ ដែលអ្នកដាក់ទៅលើអាមេរិក នឹងត្រូវបូកបន្ថែមពីលើ ពន្ធបដិការខ្ពស់ដែលទើបប្រកាសនេះ។ទន្ទឹមគ្នានេះ លោកដូណាល់ ត្រាំ ក៏បានបញ្ជូនលិខិតស្រដៀងគ្នានេះ ទៅមេដឹកនាំនៃប្រទេសចំនួន ១១ ផ្សេងទៀត ដូចជា ម៉ាឡេស៊ី កាហ្សាក់ស្ថាន អាហ្រ្វិកខាងត្បូង ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី បូស្នៀ បង់ក្លាដែស ថៃ និងទុយនេស៊ី ជាដើម ដោយជូនដំណឹងថា ពន្ធចាប់ពី ២៥% ទៅ ៤០% នឹងត្រូវគិតចាប់ពីខែក្រោយ។


គួររម្លឹកបន្តិចថា កាលពីថ្ងៃទី ២ ខែមេសា លោក ដូណាល់ ត្រាំ បានប្រកាសពី ពន្ធបដិការ ដែលបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃ តម្លៃទីផ្សារហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ហើយក៏មានការពន្យារពេលរយៈពេល ៩០ថ្ងៃ ក្នុងការអនុវត្ត ពន្ធបដិការខ្ពស់លើដៃគូពាណិជ្ជកម្មមួយចំនួន។ទិន្នន័យផ្លូវការពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២៥នេះ សហរដ្ឋអាមេរិក និងកម្ពុជា សម្រេចទំហំពាណិជ្ជកម្មទ្វេភាគីដល់ជិត ៤ពាន់ ៤រយលានដុល្លារអាមេរិក កើនឡើង ២៧% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយអាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេបង្អស់របស់កម្ពុជា៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025