ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៥

ក្រុមហ៊ុនចិន ស្វែងរកឱកាសពង្រីកវិនិយោគលើរោងចក្រផលិតស្រោមដៃពេទ្យនៅកម្ពុជា

០៧ កក្កដា ២០២៥ | សេដ្ឋកិច្ច

 

ក្រុមហ៊ុនចិនដ៏ធំមួយដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំ ក្នុងការផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន បានបង្ហាញបំណងស្វែងរកទីតាំងថ្មី ដើម្បីពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន នៅកម្ពុជា។នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក លាវ គួយស៊ី) ប្រធានក្រុមហ៊ុន Shijiazhuang Hongray Group ដោយភាគីក្រុមហ៊ុន បង្ហាញគោលបំណងស្វែងរកទីតាំងថ្មី ដើម្បីពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន ដោយមានតម្រូវការពង្រីកខ្សែច្រវាក់ផលិតកម្មរហូតដល់ទៅ ១០ខ្សែបន្ថែមទៀត។

 


នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ក៏ដូចជា ជម្រាបជូនពីស្ថានភាពដ៏ល្អប្រសើរនៃវិនិយោគនៅកម្ពុជា, របបលើកទឹកចិត្តប្រកបដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន។ 

 


លោក លាវ គួយស៊ី បានជម្រាបថា ក្រុមហ៊ុន Shijiazhuang Hongray Group បច្ចុប្បន្នបានសហការជាមួយក្រុមហ៊ុន Medtecs MSEZ Corp បណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេហាតធេន ស្ថិតនៅខេត្តស្វាយរៀង។លោកបន្តថា ក្រុមហ៊ុនដ៏ធំមួយនេះ មានបទពិសោធន៍ប្រមាណ ៣០ឆ្នាំកន្លងមកហើយក្នុងការផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប ហើយកំពុងស្វែងរកទីតាំងថ្មី ដើម្បីពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន នៅកម្ពុជា។

 


ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រចំពោះ គម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការយកជ័រកៅស៊ូក្នុងស្រុកឱ្យបានច្រើនជាអតិបរមា ធ្វើជាធាតុចូលផលិតកម្ម ជំនួសឱ្យការប្រើសារធាតុគីមីផ្សេងៗ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។

 


សូមរម្លឹកថា ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ៤១៤គម្រោង គិតជាទឹកប្រាក់ជាង ៦,៩ពាន់លានដុល្លារអាមេរិក ហើយក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៥នេះ កម្ពុជា ទាក់ទាញគម្រោងវិនិយោគប្រមាណជា ១១០គម្រោងផងដែរ៕


 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025