ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៥

OPEC+ សម្រេចដំឡើងទិន្នផលប្រេង ជំរុញតម្លៃប្រេងឆៅសកលធ្លាក់ចុះបន្តិច 

០៧ កក្កដា ២០២៥ | សេដ្ឋកិច្ច

 

នៅសប្តាហ៍ទី ១ ដើមខែកក្កដានេះ តម្លៃប្រេងឆៅសកល បានធ្លាក់ចុះប្រមាណ ១% បន្ទាប់ពីបណ្តាសមាជិក OPEC+ សម្រេចដំឡើងទិន្នផលប្រេង ៥សែនបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែសីហា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។នៅលើទីផ្សារប្រេងសកល ក្នុងសប្តាហ៍ទី ១ ខែកក្កដានេះ តម្លៃប្រេងឆៅ Brent របស់អង់គ្លេស ស្ថិតនៅរង្វង់ ៦៧ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ចុះ ១% ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក ស្ថិតនៅចន្លោះ ៦៥ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលមានការធ្លាក់ចុះប្រមាណ ២%។

 


តម្លៃប្រេងឆៅសកល បានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការ OPEC+ បានសម្រេចបង្កើនល្បឿនផលិតកម្មប្រេងដល់ទៅ ៥សែនបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែសីហា។
អង្គការ OPEC+ បានបង្កើនការផលិតប្រេងនាពេលនេះ គឺដើម្បីទទួលបានចំណែកទីផ្សារមកវិញ ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ទាមទារឱ្យក្រុមនេះបូមប្រេងបន្ថែមទៀត ដើម្បីជួយរក្សាតម្លៃប្រេងសាំង ឱ្យចុះទាប។

 


ការជំរុញ និងបង្កើនផលិតកម្មប្រេង នឹងធ្វើឡើងដោយ សមាជិកចំនួន ៨ អារ៉ាប៊ីសាអូឌីត រុស្ស៊ី អារ៉ាប់រួម គុយវ៉ែត អូម៉ង់ អ៊ីរ៉ាក់ កាហ្សាក់ស្ថាន និងអាល់ហ្សេរី។
អង្គការ OPEC+ បានលើកឡើងពីទស្សនវិស័យសេដ្ឋកិច្ចសកលដែលមានស្ថិរភាព និងមូលដ្ឋានគ្រឹះទីផ្សារដែលមានសុខភាពល្អ រួមទាំងស្តុកប្រេងទាប ដែលជាហេតុផលសម្រាប់ការបញ្ចេញប្រេងកាន់តែច្រើន។

 


សូមជម្រាបថា ជាមួយនឹងការកើនឡើងទិន្នផលប្រេងខែសីហា អង្គការ OPEC+ នឹងបញ្ចេញទិន្នផលសរុប ១លាន ៩សែនបារ៉ែលក្នុងមួយថ្ងៃ ហើយកិច្ចប្រជុំបន្ទាប់ នឹងធ្វើឡើងនៅថ្ងៃទី ៣ ខែសីហា៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025