ថ្ងៃច័ន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥
ប្រធានាធិបតីប្រេស៊ីលលោក ល្វីស អ៊ីណាស៊ីយ៉ូ លូឡាស៊ីលវ៉ា (Luiz Inacio Lula da Silva) និងនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញឈិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏សំខាន់មួយចំនួនលើការនាំចេញសាច់ និងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្រោយពីកិច្ចពិភាក្សាទ្វេភាគីនៅមុនកិច្ចប្រជុំកំពូល BRICS នៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីលកាលពីថ្ងៃសៅរ៍។
មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបច្ចេកវិទ្យាដែលគ្របដណ្តប់លើបញ្ញាសិប្បនិម្មិត ថាមពលបៃតង និងការផ្លាស់ប្តូរឌីជីថល យល់ព្រមលើការពង្រីកកិច្ចសហការកាហ្វេ និងបានសម្គាល់អំពីការនាំចេញសាច់គោ និងត្រីជាលើកដំបូងរវាងប្រទេសទាំងពីររួមជាមួយនឹងកិច្ចព្រមព្រៀងនាំចេញអង្ករថ្មីមួយផងដែរ។
កិច្ចពិភាក្សានេះបានបង្ហាញអំពីវត្តមានរបស់វៀតណាមជាលើកដំបូងនៅក្នុងកិច្ចប្រជុំកំពូល BRICS ដែលបានពង្រីកក្នុងនាមជាប្រទេសដៃគូ។ មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរបស់ពួកគេ និងបានសន្យាថានឹងពង្រឹងកិច្ចសហការទ្វេភាគីលើគ្រប់វិស័យពាណិជ្ជកម្ម ការច្នៃប្រឌិត និងអភិបាលកិច្ចសកល។
លោក លូឡា បានគាំទ្រការខិតខំរបស់វៀតណាមក្នុងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងអង្គការសេដ្ឋកិច្ចក្នុងតំបន់អាម៉េរិកខាងត្បូង (MERCOSUR) ខណៈ ភាគីទាំងពីរបានប្តេជ្ញាថានឹងពន្លឿនកិច្ចចរចានេះ។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល BRICS កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៧ ខែកក្កដានៅទីក្រុងរីយ៉ូដោយគ្មានវត្តមានមេដឹកនាំចិនលោក ស៊ី ជីនពីង និងមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចូលរួមនោះឡើយ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន