ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥
ក្នុងឆមាសទី ១ ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៧៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥ពាន់ ៨រយលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ២៥ម៉ឺនកន្លែង។
រយៈពេល ៦ខែ ដើមឆ្នាំ ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៧៣គម្រោង ដោយគម្រោងទាំងអស់ មានទុនវិនិយោគសរុបប្រមាណ ៥ពាន់ ៨រយលានដុល្លារអាម៉េរិក ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៥៧។
អំឡុងពេល ៦ខែនេះ ប្រភពទុនវិនិយោគឈានមុខ គឺប្រទេសចិន មានចំណែក ៥៦%, កម្ពុជា មានចំណែក ២៩% ខណៈសិង្ហបុរី មានចំណែក ៧% នៃទុនវិនិយោគសរុប។
ចំពោះវិស័យដែលលេចធ្លោជាងគេ គឺ វិស័យឧស្សាហកម្មប្រមាណ ៤ពាន់ ២រយលានដុល្លារ បន្ទាប់មកគឺ វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗប្រមាណ ១ពាន់ ៥រយលានដុល្លារ ក្រៅពីនោះគឺ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទទួលបានការវិនិយោគ ១៣០លានដុល្លារ និងវិស័យទេសចរណ៍ ប្រមាណ ២០លានដុល្លារ។
ក្នុងខែមិថុនា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៨៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១ពាន់ ៦រយលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជាង ៥ម៉ឺនកន្លែង។សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ៤១៤គម្រោង គិតជាទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារអាមេរិក ដោយវិស័យឧស្សាហកម្ម ជាវិស័យលេចធ្លោជាងគេក្នុងការស្រូបទាញវិនិយោគក្នុងឆ្នាំ ២០២៤៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ