ថ្ងៃអង្គារ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៥

ក្នុងឆមាសទី ១ វៀតណាម សម្រេចអតិរេកពាណិជ្ជកម្មជាង ៧,៦ពាន់លានដុល្លារ 

១៥ កក្កដា ២០២៥ | សេដ្ឋកិច្ច

 

នាយកដ្ឋានការិយាល័យស្ថិតិវៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ វៀតណាម សម្រេចបានទំហំពាណិជ្ជកម្មជាង ៤៣២ពាន់លានដុល្លារអាមេរិក ដោយទទួលបានអតិរេកពាណិជ្ជកម្មចំនួនជាង ៧,៦ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

នាយកដ្ឋានការិយាល័យស្ថិតិវៀតណាម បានបង្ហាញថា ការនាំចេញ-នាំចូលសរុប របស់វៀតណាម ក្នុងរយៈពេល ៦ខែដំបូង ឆ្នាំ ២០២៥នេះ សម្រេចបានជាង ៤៣២ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញ មានកំណើន ១៤% និងនាំចូល មានកំណើន ១៨% ជាលទ្ធផលវៀតណាមសម្រេចអតិរេកពាណិជ្ជកម្មចំនួន ៧,៦ពាន់លានដុល្លារអាមេរិក។

 


នៅក្នុងខែមិថុនា ការនាំចេញរបស់វៀតណាម កើនឡើង ១៦% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ក្នុងអំឡុងខែមករា ដល់ខែមិថុនា តម្លៃនៃការនាំចេញមានចំនួន ២១៩ពាន់លានដុល្លារអាមេរិក ក្នុងនោះមាន ៥៨ពាន់លានដុល្លារអាមេរិកពីអាជីវកម្មក្នុងស្រុក កើនឡើង ៩% និង ១៦១ពាន់លានដុល្លារ (រួមទាំងប្រេងឆៅ) មកពីក្រុមហ៊ុនវិនិយោគបរទេស កើនឡើង ១៦%។

 


ទន្ទឹមនឹងនេះ ប្រទេសវៀតណាម បានចំណាយប្រាក់ចំនួន ២១២ពាន់លានដុល្លារអាមេរិកលើ ការនាំចូលក្នុងរយៈពេល ៦ខែចុងក្រោយនេះ កើនឡើង ១៨% ធៀបនឹងឆ្នាំមុន។សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ដែលទំហំទីផ្សារ ៧០ពាន់លានដុល្លារ អំឡុងពេល ៦ខែនេះ ខណៈ ប្រទេសចិន ជាអ្នកផ្គត់ផ្គង់ទំនិញដ៏ធំបំផុតសម្រាប់ប្រទេសវៀតណាម ជាមួយនឹងការនាំចូលមកកាន់វៀតណាម ប្រមាណ ៨៤ពាន់លានដុល្លារអាមេរិក។

 


សូមជម្រាបថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អះអាងធ្វើការកែលម្អយន្តការ និងគោលនយោបាយដែលមានស្រាប់ ដើម្បីជំរុញបរិយាកាសម៉ាក្រូសេដ្ឋកិច្ច ឱ្យកាន់តែអំណោយផលសម្រាប់ការនាំចេញ ជំរុញកំណើនការនាំចេញប្រកបដោយនិរន្តរភាព ធ្វើពិពិធកម្មទីផ្សារ ដើម្បីសម្រេចបាននូវទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយតុល្យភាពជាមួយដៃគូរបស់វៀតណាម៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025